(ញូវដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ៧២ នាក់បន្ថែមទៀត ខណៈករណីឆ្លងថ្មីៗចំនួន ១,៤៣៣ករណី ក៏ត្រូវបានរាយការណ៍នៅក្នុងថ្ងៃជាមួយគ្នានេះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅញូដេលី) ចំនួនសរុបនៃអ្នកស្លាប់ ដោយសារជំងឺ COVID-19 ក្នុងប្រទេសបានកើនដល់ ១,១៤៧ នាក់ហើយ»។
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ទៀតថា ក្រៅពីករណីស្លាប់ ក៏មានដែរករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១,៤៣៣ករណី បន្ថែមទៀត ត្រូវបានរាយការណ៍ នៅក្នុងរយៈពេលដូចគ្នានេះផងដែរ ដែលនាំឲ្យចំនួនករណីឆ្លងសរុប កើនដល់ ៣៥,០៤៣ ករណីនៅទូទាំងប្រទេស ដោយក្នុងនោះអ្នកជំងឺចំនួន ៨,៨៨៩នាក់បានជា សះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺ ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្ន មានចំនួន ២៥,០០៧ នាក់។
គួរជម្រាបថា ថ្ងៃសុក្រនេះ ជាថ្ងៃទី ៣៨ហើយ នៃការអនុវត្តវិធានការបិទប្រទេសរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ដែលត្រូវបាន ដាក់ចេញកាលពីថ្ងៃទី២៥ ខែមីនា ហើយត្រូវបានពន្យារទៅដល់ថ្ងៃទី០៣ ខែឧសភា។ សម្រាប់នៅថ្ងៃទី០៤ ខែឧសភា គោលការណ៍ណែនាំថ្មីស្តីពីការបន្តប្រយុទ្ធប្រឆាំង COVID-19 នឹងត្រូវដាក់ឲ្យអនុវត្ត ដោយតំបន់ជាច្រើននៅប្រទេសឥណ្ឌានឹង ទទួលការបន្ធូរបន្ថយការរឹតបន្តឹង៕