(សៀងហៃ)៖ យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Canalys ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple និងក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei សុទ្ធតែទទួលបានការកើនឡើងដូចគ្នានូវចំណែកទីផ្សារក្នុងប្រទេសចិន កំឡុងត្រីមាសទី១នៃឆ្នាំ២០២០។ នេះបើតាមការដកចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។
ទិន្នន័យរបស់ក្រុមហ៊ុន Canalys បានបង្ហាញថា ចំនួនស្មាតហ្វូនសរុបដែលត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសចិន ក្នុងកំឡុងត្រីមាសទី១នៃឆ្នាំ២០២០ (ខែមករា-មីនា) បានធ្លាក់ចុះ១៨ភាគរយ ធៀបនឹងកំឡុងត្រីមាសដូចគ្នានៃឆ្នាំ២០១៩ គឺមកនៅត្រឹម៧២.៦លានគ្រឿន ដោយសារការរាតត្បាតនៃជំងឺ COVID-19 បានបង្កផលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងតម្រូវការរបស់អតិថិជននៅចិន។
សម្រាប់ក្រុមហ៊ុន Huawei ដែលជាក្រុមស្មាតហ្វូនលេខ២លើលោក បើគិតពីចំនួននៃការលក់ទូរស័ព្ទដៃ ទទួលបានចំណែក៤១.៤ភាគរយនៅក្នុងទីផ្សារចិន ដែលជាទីផ្សារក្នុងស្រុករបស់ខ្លួន ខណៈកាលពីឆ្នាំមុនមានចំណែកទីផ្សារត្រឹម៣៣.៩ភាគរយ។ ចំនួនសរុបនៃស្មាតហ្វូនរបស់ Huawei ដែលដឹកមកដល់ក្នុងប្រទេសចិន បានកើនឡើងប្រហែល០១ភាគរយ គឺ៣០.១លានគ្រឿង។
គួរជម្រាបថា រីឯក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple ក៏ទទួលបានចំណែកទីផ្សារនៅក្នុងប្រទេសចិនកើនឡើងផងដែរ គឺកើនពី៧.៣ភាគរយកាលពីត្រីមាសទី១នៃឆ្នាំ២០១៩ ទៅ៨.៥ភាគរយនៅឆ្នាំនេះ តែចំនួនស្មាតហ្វូនដែលត្រូវបានដឹកមកដល់ចិន បានធ្លាក់ចុះជាង០៤ភាគរយ៕