(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី១៥ ខែមេសា រុស្ស៉ីបានធ្វើតេស្តប្រព័ន្ធមីស៊ីលហៅថា នូដូល (Nudol) ដែលត្រូវបានអភិវឌ្ឍឡើង មានគោលដៅបាញ់កម្ទេច ផ្កាយរណបនៅក្នុងគន្លងគោចរកម្រិតទាបរបស់ភពផែនដី។ ការសាកល្បងសព្វាវុធនេះ បានបង្កមានការព្រួយបារម្ភមួយចំនួន ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងថា វាមិនមែនជារឿងធំដុំអ្វីគួរឲ្យស្លន់ស្លោនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។
ការធ្វើតេស្តរបស់រុស្ស៉ីកាលពីថ្ងៃទី១៥ ខែមេសា មិនមែនជាការបាញ់សាកល្បងកម្ទេចផ្កាយរណបផ្ទាល់ ដូចការធ្វើតេស្តរបស់ចិនកាលពីឆ្នាំ ២០០៧ ឬក៏ការធ្វើតេស្តរបស់ឥណ្ឌា កាលពីខែមីនា ឆ្នាំ២០១៩ នោះឡើយ ពោលគឺការធ្វើតេស្តមីស៊ីលប្រឆាំងផ្កាយរណបរបស់រុស្ស៉ីពុំបានបាញ់ចំវត្ថុណាមួយនោះទេ។ ដូច្នេះហើយព្រឹត្តិការណ៍នោះ មិនបានបង្កឲ្យមានចង្កោមកម្ទេចកម្ទីថ្មី ដែលអាចបង្កការស្មុគស្មាញនៅទីអវកាសឡើយ។
មួយវិញទៀត ទោះបីជាប្រទេសរុស្ស៉ីបានធ្វើតេស្តមីស៊ីល Nudol យ៉ាងតិច ១០ដងរួចមកហើយក៏ដោយ តែប្រព័ន្ធមីស៊ីលនេះហាក់មិនទាន់ អាចប្រើប្រាស់បាននៅឡើយទេ គឺអាចត្រូវការពេលធ្វើតេស្តរាប់ឆ្នាំទៀត។ បន្ថែមពីនេះ រយៈកម្ពស់នៃការបាញ់វាយប្រហាររបស់វា ក៏នៅមានកម្រិតផងដែរ។ ប្រព័ន្ធមីស៊ីល Nudol អាចបាញ់ដល់តែផ្កាយរណបនៅគន្លងកម្រិតទាប (Low Earth Orbit ឬ LEO) ប៉ុណ្ណោះ ដែលមានរយៈកម្ពស់ខ្ពស់បំផុត ២,០០០គីឡូម៉ែត្រលើផ្ទៃផែនដី ខណៈផ្កាយរណបស៊ើបការណ៍ និងទំនាក់ទំនងយោធាទំនើបៗរបស់អាមេរិក ភាគច្រើនស្ថិតនៅរយៈកម្ពស់ចាប់ពី ៣៥,៧៣០គីឡូម៉ែត្រឡើងទៅ។
សរុបសេចក្តីមក គឺវានៅតែមិនទាន់ច្បាស់នោះទេថា បច្ចេកវិទ្យាមីស៊ីលប្រឆាំងផ្កាយរណបហៅកាត់ថា ASTA នេះ មានប្រយោជន៍ដែរ ឬក៏អត់សម្រាប់ស្ថានការណ៍ជាក់ស្តែង ព្រោះប្រទេសដែលគេពឹងផ្អែកសន្តិសុខខ្ពស់ លើប្រព័ន្ធផ្កាយរណបនៅទីអវកាស គឺច្បាស់ជានឹងត្រៀមមធ្យោបាយយ៉ាងហ្មត់ចត់ហើយរឹងមាំបំផុត ដើម្បីការពារខ្លួនពីការវាយប្រហារ តាមរបៀបបែបនេះជាក់ជាមិនខាន៕