(ម៉ូស្គូ)៖ នាថ្ងៃព្រហស្បតិ៍នេះ រុស្ស៊ីបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន៧,០៩៩នាក់ថ្មី ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់មួយកម្រិតថែមទៀត និងធ្វើឲ្យតួលេខអ្នកឆ្លងសរុបនៅប្រទេសរុស្ស៉ីកើនដល់១០៦,៤៩៨នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Moscow Times នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។
ប្រការខាងលើធ្វើឲ្យរុស្ស៉ីក្លាយជាប្រទេសលេខរៀងទី៨ ដែលមានករណីឆ្លងដល់ខ្ទង់សែននាក់ ហើយស្ថិតនៅលេខរៀងដូចគ្នានេះដដែល ក្នុងចំណោមបណ្តាប្រទេស ដែលទទួលរងគ្រោះធ្ងន់ធ្ងរខ្លាំងបំផុតនៅលើពិភពលោក ដោយសារ COVID-19 ផងដែរ បើគិតពីចំនួនអ្នកឆ្លង។ ចំនួនអ្នកឆ្លង COVID-19 នៅរុស្ស៉ីបានវ៉ាដាច់ចិននិងអ៉ីរ៉ង់ នាពេលកន្លងទៅក្នុងសប្តាហ៍នេះ។
គួរជម្រាបថា នៅចំពោះមុខការកើនឡើងខ្លាំងនៃអត្រាអ្នកឆ្លង COVID-19 នៅក្នុងប្រទេសរុស្ស៉ី ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចអូសបន្លាយពេលវេលានៃការអនុវត្តវិធានការរឹតបន្តឹង ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺនេះ រួមមានការឲ្យប្រជាជនឈប់សម្រាកជាដើម រហូតដល់ថ្ងៃទី១១ ខែឧសភា។ សម្រាប់នៅទីក្រុងម៉ូស្គូ នឹងចាប់ផ្តើមមានការសាងសង់មន្ទីពេទ្យបណ្តោះអាសន្ន ដែលនឹងអាចផ្តល់គ្រែសរុប១០,០០០គ្រែ សម្រាប់អ្នកជំងឺ COVID-19៕