(សិង្ហបុរី)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ នេះតែម្តងសិង្ហបុរីបានប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសខ្លួន បានកើនដល់ ១៦,១៦៩ករណី បន្ទាប់ពីករណីថ្មីៗប្រមាណ ៥២៨នាក់ ទើបត្រូវបានរកឃើញថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីថ្មីៗទាំងនោះមានត្រឹម ០៦ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅ អចិន្រ្តៃយ៍នៅសិង្ហបុរី ខណៈករណីផ្សេងទៀតគឺពលករកាន់ប័ណ្ណការងារយៈពេលវែង ដែលកំពុងរស់នៅតាម អគារស្នាក់នៅសម្រាប់ពលករបរទេស។ ចំណែកឯ អ្នកស្លាប់ដោយសារ COVID-19 មាន ១៤នាក់ និងជាសះស្បើយវិញ ១,១៨៨នាក់។
គួរជម្រាបថា បើតាមការប្រកាសរបស់អាជ្ញាធរសិង្ហបុរីកាលពីថ្ងៃអង្គារ ប្រព័ន្ធសុខាភិបាលសិង្ហបុរីនឹងត្រូវបង្កើនសមត្ថភាពឲ្យខ្លាំងក្លាបន្ថែម ដើម្បីទប់ទល់ជាមួយការកើនឡើងនៃចំនួនអ្នកឆ្លង COVID-19 ក្នុងរយៈពេល ០២ខែខាងមុខ ហើយចំនួនគ្រែសម្រាប់អ្នកសម្រាកសម្រាប់អ្នកជំងឺ ដែលមានរោគសញ្ញាស្រាលៗ នឹងត្រូវបង្កើនទ្វេដងរហូតចុងខែមិថុនា ឆ្នាំ២០២០៕