(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នាថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសមានចំនួន ប្រជាជន ១.៣៨ពាន់លាននាក់នេះ បានកើនដល់ ១,០៧៤នាក់ ក្នុងចំណោមករណីឆ្លងសរុប ៣៣,០៥០ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឥណ្ឌា បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងញូដេលី) ចំនួនអ្នកជំងឺ COVID-19 ដែលបានស្លាប់នៅក្នុងប្រទេសឥណ្ឌាមាន ១,០៧៤នាក់ និងឆ្លង ៣៣,០៥០នាក់ ដែលវាជាការកើនអ្នកស្លាប់ ៦៦នាក់ និងឆ្លង ១,២៦៣នាក់ថែមទៀត ក្នុងពេលតែមួយថ្ងៃ»។
ក្រសួងសុខាភិបាលឥណ្ឌាក៏បានឲ្យដឹងដែរថា មកទល់ពេលនេះអ្នកជំងឺសរុប ៨,៣២៥នាក់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយទទួលការព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យ ហើយឥឡូវអ្នកជំងឺដែលនៅសល់មាន ២៣,៦៥១នាក់។
គួរជម្រាបថា ថ្ងៃព្រហស្បតិ៍នេះជាថ្ងៃទី ៣៧ហើយ នៃការអនុវត្តវិធានការបិទប្រទេសរបស់រដ្ឋាភិបាលឥណ្ឌា ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី២៥ ខែមីនា ហើយត្រូវបានពន្យារទៅដល់ថ្ងៃទី០៣ ខែឧសភា។ សម្រាប់នៅថ្ងៃទី០៤ ខែឧសភា គោលការណ៍ណែនាំថ្មីស្តីពីការបន្តប្រយុទ្ធប្រឆាំង COVID-19 នឹងត្រូវដាក់ឲ្យអនុវត្ត ដោយតំបន់ជាច្រើននៅប្រទេសឥណ្ឌានឹង ទទួលការបន្ធូរបន្ថយភាពរឹតបន្តឹង៕