(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនជឿឡើយលើការស្ទង់មតិ ដែលបង្ហាញថាបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃដិន (Joe Biden) អាចនឹងទទួលជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។
កំឡុងការផ្ដល់បទសម្ភាសន៍ផ្ដាច់មុខជាមួយ Reuters នៅឯសេវិមាននៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅក្នុងទីក្រុងវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ក៏បានសង្កត់ធ្ងន់ផងដែរថា លោកមិនរំពឹងឡើយថា ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ នឹងក្លាយជាការបោះឆ្នោតប្រជាមតិមួយ ជុំវិញការដោះស្រាយវិបត្តិ COVID-19 នៃរដ្ឋបាលរបស់លលោក។ ស្ថិតក្នុងឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនជឿលើការស្ទង់មតិទេ។ ខ្ញុំជឿតែទៅលើប្រជាជន ដ៏វៃឆ្លាតនៃប្រទេសមួយនេះប៉ុណ្ណោះ ហើយខ្ញុំមិនគិតទាល់តែសោះថា ពួកគេនឹងជ្រើសរើសបុរសម្នាក់ (លោក Joe Biden) ដែលគ្មានសមត្ថភាព»។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិធ្វើឡើងដោយ Reuters/Ipsos នៅក្នុងសប្ដាហ៍នេះបានបង្ហាញថា ៤៤ភាគរយនៃ អ្នកចុះឈ្មោះបោះឆ្នោតនិយាយថា ពួកគេនឹងគាំទ្រលោក Biden នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ ខណៈ៤០ភាគរយប៉ុណ្ណោះដែលបានអះអាងថា នឹងបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ ឲ្យបន្តតំណែងទៅអាណត្តិទី២៕