(ព្យុងយ៉ាង)៖ រូបភាពផ្កាយរណបមួយបានបង្ហាញថា សកម្មភាពថ្មីៗនៃកាណូតដ៏ប្រណិតរបស់លោក គីម ជុងអ៊ុន គឺកំពុងមានវត្តមាននៅឯរមណីយដ្ឋានឆ្នេរសមុទ្រមួយកន្លែង នៅតំបន់ទីក្រុងកំពង់ផែ វ៉ុនសាន (Wonsan)។ នេះបើយោងតាមអ្នកជំនាញ ឃ្លាំមើលស្ថានការណ៍កូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sky News នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។
ការលេចឡើងនូវរូបភាពកាណូតប្រណិត ដែលមេដឹកនាំកំពូលរបស់កូរ៉េខាងជើង និងមន្ត្រីអមដំណើររបស់ខ្លួនធ្លាប់តែប្រើប្រាស់ជាប្រចាំនេះ ចំពេលដែលមានការសង្ស័យជុំវិញបញ្ហាសុខភាព និងកន្លែងវត្តមានរបស់លោក នារយៈពេលចុងក្រោយនេះ។
គេហទំព័រ NK Pro ដែលបានរាយការណ៍ជុំវិញរឿងនេះបានបញ្ជាក់ថា រូបភាពផ្កាយរណបពាណិជ្ជកម្មនេះ គឺបានបង្ហាញពីសកម្មភាពរបស់កាណូត ដែលលោក គីម ធ្លាប់បានប្រើប្រាស់ជាញឹកញាប់ កំពុងតែវត្តមាននៅឆ្នេសមុទ្រវ៉ុនសាន (Wonsan)។ គេហទំព័រនេះបានបន្ថែមទៀតថា កាណូតទាំងនោះបានធ្វើចលនាខុសប្រក្រតី តាំងពីថ្ងៃទី១៤ ខែមេសា មកម្ល៉េះ ជាពេលដែលក្រុងព្យុងយ៉ាង បានធ្វើការតេស្តគ្រាប់មីស៊ីលកន្លងទៅនេះ។
រូបភាពទាំងនេះ វាបានកើតឡើងបន្ទាប់ពី គេហទំព័រ 38 North ដែលជាគេហទំព័រមួយទៀត ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានជំនាញខាងឃ្លាំមើល សកម្មភាពមេដឹកនាំកូរ៉េខាងជើងផងដែរនោះ បានចែករំលែករូបភាពមួយដែលបង្ហាញថា រថភ្លើងរបស់លោក គីម ជុងអ៊ុន បានឈប់សំចតនៅឯស្ថានីយរថភ្លើងក្នុងទីក្រុង Wonsan កាលពីថ្ងៃទី២១ និង២៣ ខែមេសា កន្លងទៅនេះ។
គួរជម្រាបថា លោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីថ្ងៃទី១១ ខែមេសា ជាពេលដែលលោក ដឹកនាំកិច្ចប្រជុំបក្សពលករកូរ៉េមកម្ល៉េះ។ មិនតែប៉ុណ្ណោះ លោកក៏បានខកខានចូលរួមក្នុង ពិធីខួបកំណើតនៃជីតារបស់លោក គឺលោក គីម អ៉ីលស៊ុង ផងដែរកាលពីថ្ងៃទី១៥ ខែមេសា កន្លងទៅ ជាហេតុបង្កឱ្យមាន ពាក្យចចាមអារ៉ាមជាច្រើនផ្ទុះឡើង ដោយខ្លះថាលោកក្លាយជាមនុស្សរក្ខជាតិ និងខ្លះទៀតថាលោកបានស្លាប់បាត់ទៅហើយ ក្រោយទទួលការវះកាត់បេះដូង៕