(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង KCDC បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០នេះថា នារយៈពេល ២៤ម៉ោងកន្លងទៅនេះ ខ្លួនមិនបានរកឃើញករណីឆ្លងជំងឺ COVID-19 សូម្បីតែ១ករណីនៅក្នុងស្រុក ដែលនេះជាលើកដំបូងបំផុត គិតចាប់តាំងពីជំងឺនេះ ផ្ទុះឡើងខ្លាំងដំបូងកាលពី ៧៥ថ្ងៃមុន។ នេះបើការចេញផ្សាយដោយសារព័ត៌មានយ៉ុនហាប់។
បើតាម KCDC ទោះបីជាមិនមានករណីឆ្លងក្នុងស្រុកត្រូវបានរកឃើញក្តី ប៉ុន្តែករណីនាំចូលជំងឺ COVID-19 នេះវិញត្រូវបានរកឃើញចំនួន ០៤នាក់ទៀតដែលជាហេតុនាំឲ្យ ចំនួនករណីឆ្លងសរុប កើនឡើងដល់ ១០,៧៦៥ករណី។ បន្ថែមពីនេះ អ្នកជងឺម្នាក់ទៀតបានស្លាប់ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៧នាក់ និងចំនួនអ្នកជាសះស្បើយវិញមានសរុប ៩,០៥៩នាក់។
គួរបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ ប្រទេសកូរ៉េខាងត្បូងក៏បានសម្រេច បញ្ចេញកញ្ចប់់ថវិកាបន្ថែមផងដែរ ដើម្បីចែកទៅដល់គ្រប់ក្រុមគ្រួសារទាំងអស់ នៅក្នុងប្រទេស ដើម្បីជាការបន្ធូរបន្ថយបន្ទុក នៅអំឡុងពេលប្រទេសជាតិ កំពុងរងការវាយប្រហារ ដោយជំងឺ COVID-19 ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងសេដ្ឋកិច្ចប្រទេសទាំងមូល៕