(ញូដេលី)៖ អ្នកកាសែត ០៣នាក់ត្រូវបានរកឃើញថា បានឆ្លងជំងឺ COVID-19 នៅក្នុងចំណោមអ្នកកាសែតសរុប ៥២៩នាក់ ដែលត្រូវបានធ្វើតេស្ត នៅក្នុងរដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
ថ្នាក់ដឹកនាំទីក្រុងញូដេលីលោក អាវីនដ៍ គេចរីវ៉ាល់ (Arvind Kejriwal) បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជារីករាយណាស់ ដែលយើងអាចរកឃើញអ្នកកាសែតតែ ០៣នាក់ ក្នុងចំណោម ៥២៩នាក់ មានលទ្ធផលតេស្តវិជ្ជមាន (COVID-19)។ ខ្ញុំសូមជូនពរដល់អ្នកទាំងអស់។ ការងាររបស់អ្នកទាំងអស់គ្នាពិតជាសំខាន់ណាស់ ក្នុងកាលៈទេសៈនៃជំងឺរាតត្បាតសកលបែបនេះ។ សម្រាប់អ្នកដែលបានឆ្លងជំងឺ (COVID-19) ខ្ញុំសូមបួងសួងឲ្យឆាប់ជាសះស្បើយ »។
គួរបញ្ជាក់ថា ការធ្វើតេស្តរក COVID-19 លើខ្លួនអ្នកកាសែតក្នុងរដ្ឋធានី ញូដេលី បានកើតមានឡើង ក្រោយអាជ្ញាធរទីក្រុងម៉ុមបៃ បានរកឃើញអ្នកកាសែតរហូតដល់ទៅ ៥០នាក់បានឆ្លងជំងឺ COVID-19 កាលពីសប្តាហ៍មុននេះ។ ដោយឡែករដ្ឋផ្សេងៗទៀត ក៏អាចនឹងធ្វើដូចគ្នាដែរ។
គិតត្រឹមថ្ងៃពុធនេះ ឥណ្ឌាមានករណីឆ្លង COVID-19 សរុប ៣១,៧៨៧ករណី ក្នុងនោះស្លាប់ ១,០០៨នាក់ ខណៈរដ្ឋធានីញូដេលីរ៉ាប់រងករណីឆ្លង ៣,៣១៤ករណី៕