(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នាថ្ងៃពុធនេះ បាននិយាយថា វានឹងពុំអាចទៅរួចនោះទេក្នុងការរៀបចំព្រឹត្តិការណ៍កីឡា​អូឡាំពិកអន្តរជាតិនៅឆ្នាំក្រោយ ប្រសិនបើវិបត្តិជំងឺឆ្លង COVID-19 នៅតែមិនទាន់អាចគ្រប់គ្រងបាន។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តីជប៉ុនបាននិយាយដូច្នេះថា «យើងចង់បានព្រឹត្តការណ៍អូឡាំពិកនិងប៉ារ៉ាឡាំពិក ដែលប្រព្រឹត្តទៅក្នុងទម្រង់ពេញលេញ គឺអត្តពលិក និងអ្នកទស្សនាអាចចូលរួមបានដោយសុវត្ថិភាព ដោយពុំមានការភ័យព្រួយបារម្ភ។ ប៉ុន្តែយោងតាមស្ថានការណ៍ វាទំនងជាពុំ​អាចទៅរួចនោះឡើយ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ ក្នុងទម្រង់ពេញលក្ខណៈមួយ នៅឆ្នាំ២០២១ លុះត្រាតែវិបត្តិ COVID-19 អាចត្រូវគ្រប់គ្រង​បានជាមុនសិន​»

គួរជម្រាបថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងរដ្ឋាភិបាលជប៉ុន កាលពីខែមីនាបានឯកភាពគ្នាលើកពេលរៀបចំអូឡាំពិកទៅខែកក្កដា ឆ្នាំ២០២១វិញ ដោយសារផលប៉ះពាល់ពី COVID-19។ ទោះបែបនេះក្តី ភាពស្រពិចស្រពិលនៅតែបន្តកើតមានជុំវិញការប្រារព្ធព្រឹត្តិការណ៍​កីឡានេះ ដ្បិតគ្មាននរណាអាចដឹងច្បាស់ថាការរាតត្បាតនៃ COVID-19 អាចនឹងត្រូវគ្រប់គ្រងបាន នាពេលណាឲ្យប្រាកដឡើយ ខណៈការអភិវឌ្ឍនិងធ្វើតេស្តវ៉ាក់សាំង ត្រូវការពេលវេលាយ៉ាងយូរទៀត​។

បើតាមក្រសួងសុខាភិបាលជប៉ុន នាថ្ងៃពុធនេះ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសជប៉ុន បានកើនដល់១៤,០៩៧នាក់ ក្នុងនោះស្លាប់៤៤៧នាក់ (ចំនួនអ្នកស្លាប់នេះរាប់បញ្ជូលទាំងអ្នកមកពីកប៉ាល់ទេសចរណ៍ Diamond Princess) រីឯជាសះស្បើយមានចំនួន ៣,៨៣៨នាក់៕