(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញ COVID-19 ៥,៨៤១ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នាំឱ្យចំនួន អ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៩៩,៣៩៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។

ចំនួនអ្នកស្លាប់សរុប ដោយសារ COVID-19 ក៏បានកើនដល់៩៧២នាក់ផងដែរ ក្រោយមានអ្នកស្លាប់ថ្មី ១០៨នាក់ ពេញមួយថ្ងៃអង្គារ ម្សិលមិញ។ រីឯ ទីក្រុងម៉ូស្គូ នៅតែបន្តរ៉ាប់រងចំនួនអ្នកឆ្លងច្រើនជាងគេ ក្នុងចំណោមតំបន់ទាំង៨៥ នៅទូទាំងប្រទេសរុស្ស៊ី ដោយមានអ្នកឆ្លង ៥០,៦៤៦នាក់ ហើយបើតាម អាជ្ញាធរសុខាភិបាលរុស្ស៊ី ៤៤.៩ភាគរយនៃករណីឆ្លងថ្មីខាងលើ គឺជាអ្នកឆ្លងមិនចេញរោគសញ្ញា៕