(សិង្ហបុរី)៖ នារសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ នេះតែម្តងសិង្ហបុរីបានប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសខ្លួន បានកើនលើស ១៥,០០០ករណី បន្ទាប់ពីករណីថ្មីៗប្រមាណ ៦៩០នាក់ ទើបត្រូវបានរកឃើញថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីថ្មីៗទាំងនោះមានត្រឹម ០៦ករណីប៉ុណ្ណោះ ដែលជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍នៅសិង្ហបុរី ខណៈករណីផ្សេងទៀតគឺពលករកាន់ប័ណ្ណការងារយៈពេលវែង ដែលកំពុងរស់នៅតាម អគារស្នាក់នៅសម្រាប់ពលករបរទេស។ បូកជាមួយចំនួនករណីថ្មីខាងលើ តួលេខអ្នកឆ្លងសរុបនៅសិង្ហបុរីកើនដល់ ១៥,៦៤១ករណី ក្នុងនោះស្លាប់ ១៤នាក់ និងជាសះស្បើយវិញ ១,១២៨នាក់។
គួរជម្រាបថា បើតាមការប្រកាសរបស់អាជ្ញាធរសិង្ហបុរីកាលពីថ្ងៃអង្គារ ប្រព័ន្ធសុខាភិបាលសិង្ហបុរីនឹងត្រូវបង្កើនសមត្ថភាពឲ្យខ្លាំងក្លាបន្ថែម ដើម្បីទប់ទល់ជាមួយការកើនឡើងនៃចំនួនអ្នកឆ្លង COVID-19 ក្នុងរយៈពេល ០២ខែខាងមុខ ហើយចំនួនគ្រែសម្រាប់អ្នកសម្រាកសម្រាប់អ្នកជំងឺ ដែលមានរោគសញ្ញាស្រាលៗ នឹងត្រូវបង្កើនទ្វេដងរហូតចុងខែមិថុនា ឆ្នាំ២០២០៕