(បរទេស)៖ នៅល្ងាចថ្ងៃពុធនេះ អាចម៍ផ្កាយមួយដែលមានមុខកាត់ប្រវែងចន្លោះពី ២ ទៅ ២.៥គីឡូម៉ែត្រនឹងហោះមកក្បែរភពផែនដី ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែបញ្ជាក់ដដែលៗ វានឹងមិនអាចមានឱកាសបង្កគ្រោះថ្នាក់អ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
នៅម៉ោង ៥៖០០នាទីល្ងាចថ្ងៃពុធ ទី២៩ ខែមេសានេះ (ម៉ោងនៅភ្នំពេញ) អាចម៍ផ្កាយ 1998 OR2 នឹងហោះមកកៀកភពផែនដីជាមួយល្បឿន ៨.៦៩គីឡូម៉ែត្រក្នុងមួយវិនាទី ហើយគម្លាតរវាងវា និងភពរបស់យើង គឺនឹងមានចម្ងាយដល់ទៅ ៦.២៨លានគីឡូម៉ែត្រឯណោះ ពោលគឺស្មើចម្ងាយរវាងផែនដីនិងព្រះច័ន្ទគុណ ១៦.៤ដង។ ដូច្នេះហើយនៅពេលវាហោះកាត់ផែនដី វាគ្មានឱកាសមកបុកចំភពរបស់យើងឡើយ ខណៈកាលពី ២សប្តាហ៍មុននេះ ក្រុមអ្នកវិទ្យាសាស្រ្តក៏ធ្លាប់បានបញ្ជាក់យ៉ាងដូច្នេះម្តងរួចទៅហើយដែរថា សូមគ្រប់គ្នាកុំមានការព្រួយបារម្ភ ព្រោះធ្លាប់មានអាចម៍ផ្កាយដែលបានហោះកាត់ភពយើងកៀងជាង នេះច្រើនទៀតរាប់មិនអស់នោះឡើយ។
អាចម៍ផ្កាយខាងលើមានឈ្មោះសម្គាល់ថា 1998 OR2 ឬ 52768។ វាត្រូវបានទីភ្នាក់ងារអវកាសអាមេរិក NASA ប្រទះឃើញជាលើកដំបូង កាលពីឆ្នាំ១៩៩៨។ ជាមួយអង្គត់ផ្ចិត ២.៥គីឡូម៉ែត្រ អាចម៍ផ្កាយនេះអាចបង្កគ្រោះមហន្តរាយ នៅផ្នែកណាមួយនៃពិភពលោកបាន ប្រសិនបើវាមកបុកចំភពផែនដីពេញមួយទំហឹង។
គួរជម្រាបថា បើតាម NASA អាចម៍ផ្កាយខ្នាតធំដែលហោះមកកៀកភពផែនដី នៅក្នុងរយៈចម្ងាយក្រោម ៧លានគីឡូម៉ែត្រនោះ គឺជាវត្ថុអវកាសដ៏គ្រោះដែលអ្នកជំនាញត្រូវតាមដាន ប៉ុន្តែភាគរយដែលពួកវាមកប៉ះចំផែនដី គឺស្តួចស្តើងជាទីបំផុត។ 1998 OR2 គឺជាអាចម៍ផ្កាយធំបំផុតប្រចាំឆ្នាំ២០២០ ដែលមកធ្វើទស្សនកិច្ចផែនដីពីចម្ងាយ ហើយវានឹងមកម្តងទៀតនៅរយៈពេល ២០០ឆ្នាំខាងមុខ ជាមួយគម្លាតជិតជាងលើកនេះ៕