(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានបំពានគោលការណ៍ដែលតម្រូវឲ្យពាក់ម៉ាស នៅឯមន្ទីរពេទ្យមួយក្នុងរដ្ឋមីនណេសូតា (Minnesota) បើទោះបីជាត្រូវបានជូនដំណឹងជាមុនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
លោក Mike Pence បានរងការរិះគន់នាថ្ងៃអង្គារសប្តាហ៍នេះ ដោយសារតែមិនពាក់ម៉ាស កំឡុងពេលទស្សនកិច្ចនៅឯមន្ទីរពេទ្យ មេយ៉ូ (Mayo) ក្នុងរដ្ឋ Minnesota។ យោងតាមវីដេអូ និងរូបភាពបង្ហាញពីសកម្មភាពនៃការចុះទស្សនកិច្ចនោះ គេសង្កេតឃើញថា មនុស្សគ្រប់គ្នាលើកលែងតែលោក Pence ម្នាក់គត់ សុទ្ធតែពាក់ម៉ាស។ មន្ទីរពេទ្យ Mayo បានបញ្ជាក់ថា ខ្លួនបានជូនដំណឹងជាមុនពីគោលការណ៍តម្រូវឲ្យពាក់ម៉ាសដល់លោក Pence មុនពេលលោកធ្វើការចុះទស្សនកិច្ច។
គួរជម្រាបថា យ៉ាងណាមិញ បើតាមការបកស្រាយរបស់លោកអនុប្រធានាធិបតីអាមេរិកផ្ទាល់ គឺរូបលោកត្រូវបានធ្វើតេស្តជាញឹកញាប់រក COVID-19 ហើយការដែលពុំពាក់ម៉ាសបែបនេះ គឺលោកអនុវត្តតាមគោលការណ៍ណែនាំរបស់ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិកដែលថា ម៉ាសអាចជួយទប់ស្កាត់ការចម្លង ដោយអ្នកដែលផ្ទុកវីរុស COVID-19 ខណៈរូបលោកមិនមានផ្ទុកវីរុសនេះឡើយ។ លោក Mike Pence គឺជា ប្រធានក្រុមការងារពិសេសប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺ COVID-19 របស់សេតវិមានអាមេរិក៕