(ប្រេស៊ីឡា)៖ ចំនួនករណីឆ្លង និងស្លាប់នៃការរាតត្បាតជំងឺ COVID-19 នៅតំបន់អាមេរិកឡាទីន កំពុងតែស្ថិតក្នុងការកើនឡើង ដោយតួលេខ អ្នកបាត់បង់ជីវិតនៅប្រេស៊ីល ដែលជាប្រទេសមានអ្នកឆ្លងជំងឺ ច្រើនជាងគេប្រចាំនៅក្នុងតំបន់នេះបានកើនលើស ៥,០០០នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
នាថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលប្រេស៊ីលបានរាយការណ៍ថា តួលេខអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសខ្លួនបានកើនឡើងដល់ ៥,០១៧នាក់ ហើយករណីឆ្លងដល់ ៧១,៨៨៦ករណី ជាប្រទេសលេខរៀងទី ១១ នៅលើពិភពលោកដែលមានករណីឆ្លងច្រើនខ្លាំងបំផុត។ អាជ្ញាធរប្រេស៊ីលបានសម្រេចបន្តការហាមប្រាម ជនបរទេសមិនឲ្យចូលទឹកដីខ្លួន តាមផ្លូវអាកាសសម្រាប់រយៈពេល ៣០ថ្ងៃទៀតដើម្បីកាត់បន្ថយការឆ្លង។
ដោយឡែកសម្រាប់នៅប្រទេសអេក្វាឌ័រវិញ ករណីឆ្លង COVID-19 បានកើនដល់ ២៤,២៥៨ករណី ក្នុងនោះស្លាប់ ៨៧១នាក់។ បើតាមក្រសួងសុខាភិបាលអេក្វាឌ័រ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ករណីឆ្លងថ្មី ១,០១៨នាក់ និងស្លាប់ ២០៨នាក់ត្រូវបានរាយការណ៍។
រីឯឈីលីក្នុងថ្ងៃដដែលបានរាយការណ៍ថា នៅប្រទេសខ្លួនមានអ្នកឆ្លងកើនដល់ ១៤,៣៦៥ករណី ក្នុងនោះស្លាប់ ២០៧នាក់។ ចំណែកប៉េរូ អ្នកឆ្លងកើនដល់ ៣១,១៩០នាក់ ជាមួយចំនួនអ្នកស្លាប់ ៨៥៤នាក់។
គួរជម្រាបថា ប្រទេសទាំងប៉ុន្មានខាងលើនេះ គឺជាប្រទេសដែលមានករណីឆ្លងច្រើនខ្លាំងបំផុត ប្រចាំនៅតំបន់អាមេរិកឡាទីន ហើយក៏មិនទាន់មានប្រទេសណាមួយឲ្យសញ្ញាថា អាចឈានទៅរកភាពធូរស្រាលឡើងវិញនៅឡើយដែរ៕