(អូតតាវ៉ា)៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកាណាដា បានកើនឡើងដល់ ៥០,០១៥ករណីហើយ ក្នុងនោះមានអ្នកជំងឺ ២,៨៥៩នាក់បាត់បង់ជីវិត។ នេះបើតាមអាជ្ញាធរសុខាភិបាលកាណាដា ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលកាណាដា ខេត្តកេប៊ិច (Quebec) ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើង COVID-19 នោះមានចំនួនអ្នកឆ្លង ២៥,៧៥៧ករណី និងខេត្តអនតារីយ៉ូ (Ontario) មានអ្នកឆ្លង ១៥,៣៨១ករណី គិតត្រឹមថ្ងៃអង្គារម្សិលមិញ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងដែនដីទាំង ១៣ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយបង្ហាញការគាំទ្រដល់ការ បើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្រោមផែនការបន្ធូរបន្ថយវិធានការរឹតត្បិតបន្តិចម្ដងៗ។
ប៉ុន្តែទន្ទឹមគ្នាលោក Justin Trudeau ក៏បានព្រមានផងដែរថា ការបន្ធូរបន្ថយវិធានការរឹតត្បិតលឿនខ្លាំងពេក អាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់
COVID-19 នាពេលបច្ចុប្បន្ន ដែលកំពុងជឿនលឿនទៅមុខ៕