(វ៉ាស៊ីតោន)៖ សុនខមួយក្បាលនៅរដ្ឋណតស៍ ខារ៉ូលីណា (North Carolina) រស់នៅជាមួយគ្រួសារមួយ ដែលមានសមាជិក ០៣នាក់កើតជំងឺ COVID-19 នោះត្រូវបានគេតេស្តរកឃើញថា វាក៏មានផ្ទុកជំងឺដ៏កាចសាហាវនេះដែរ។ ប្រការនេះបាននាំឲ្យវា ក្លាយជាសត្វសុនខដំបូងគេនៅអាមេរិក ដែលបានឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
សមាគមមនុស្សធម៌អាមេរិកហៅកាត់ថា AMS ដែលបានរាយការណ៍ពីករណីឆ្លងខាងលើ បានគូសបញ្ជាក់ថា សត្វសុនខមួយក្បាលនេះ ទំនងជាបានឆ្លងវីរុសពីគ្រួសារមួយមានសមាជិក ០៤នាក់ ដែលក្នុងនោះ ០៣នាក់បានកើតជំងឺ COVID-19 ដូចគ្នា។ ដោយឡែកសម្រាប់សមាជិកម្នាក់ទៀត ដែលត្រូវជាកូនស្រីក្នុងក្រុមគ្រួសារ ត្រូវបានធ្វើតេស្តអវិជ្ជមានចំពោះជំងឺឆ្លងនេះ រួមជាមួយសត្វឆ្មាមួយក្បាល និងសុនខមួយក្បាលទៀតក៏អវិជ្ជមានផងដែរ។
គួរជម្រាបថា កាលពីដើមខែមុន អាជ្ញាធរសុខាភិបាលហុងកុងបានរាយការណ៍ថា សត្វសុនខចិញ្ចឹមមួយក្បាលរបស់អ្នកជំងឺ COVID-19 ត្រូវបានគេធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះដែរ ដែលនេះជាករណីដំបូង នៃការឆ្លងពីមនុស្សទៅសត្វនៅទីក្រុងនេះ។ ចាប់តាំងពីពេលនោះមក មានករណីជាច្រើនត្រូវបានគេរាយការណ៍ចេញពីសត្វឆ្មា។
យ៉ាងណាមិញ កាលពីសប្តាហ៍មុននេះសត្វឆ្មាចំនួន ០២ក្បាលនៅក្នុងរដ្ឋញូយ៉ក បានក្លាយជាសត្វចិញ្ចឹមដំបូងបង្អស់នៅសហរដ្ឋអាមេរិក ដែលបានឆ្លងជំងឺ COVID-19 ក្រោយពីការរកឃើញសត្វតោ និងខ្លាចក្នុងសួនសត្វទីក្រុងញូយ៉ក មានផ្ទុកជំងឺនេះដូចគ្នា។ ទោះជាយ៉ាងណា មន្ត្រីសុខាភិបាលអាមេរិកបានអះអាងថា គ្មានភស្តុតាងណាមួយដែលអាចបញ្ជាក់ថា វីរុសនេះអាចចម្លងពីសត្វទៅមនុស្សវិញនៅឡើយទេ៕