(អង់ការ៉ា)៖ ជនស៊ីវិលយ៉ាងហោច ៤០នាក់ក្នុងនោះរួមមានកុមារ ១១នាក់ បានស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក ដ៏ក្រើកមួយនៅក្នុងទីក្រុងអាហ្វ្រីន (Afrin) ស្ថិតនៅភាគខាងជើង ប្រទេសស៊ីរី។ នេះបើតាមក្រសួងការពារជាតិតួកគី ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍បង្ហោះលើ Twitter ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើ កើតឡើងនៅក្នុងតំបន់ទីប្រជុំជនមួយ នៃភាគកណ្ដាលទីក្រុង Afrin ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងជីវពលស៊ីរី គាំទ្រដោយប្រទេសតួកគី។
គួរបញ្ជាក់ថា មនុស្ស ៤៧នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ហើយភ្លាមៗមិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែតួកគីចោទថា ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់ កាលពីថ្ងៃអង្គារម្សិលមិញនេះ គឺជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធឃើដ (YPG)៕