(អាមេរិក)៖ មនុស្ស ០៥នាក់ ដែលជាសមាជិកនៅក្នុងក្រុមគ្រួសារមួយ ត្រូវបានខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់ នៅក្នុងផ្ទះរបស់ពួកគេតែម្តង ស្ថិតនៅទីក្រុង មីលវូគី (Milwaukee) នៃរដ្ឋវិសខុនសិន (Wisconsin) ភាគខាងកើត សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
ប៉ូលិសនៅក្នុងទីក្រុង Milwaukee បានប្រាប់សារព័ត៌មានក្នុងតំបន់ថា សមាជិកគ្រួសារ ០៥នាក់ដែលត្រូវបានបាញ់សម្លាប់ខាងលើនេះ គឺមានអាយុពី ១១ឆ្នាំ ដល់ ៤១ឆ្នាំ។ បុរសម្នាក់ត្រូវបានគេដឹងថា បានទូរស័ព្ទទៅលេខ ៩១១ ដើម្បីសុំការសង្គ្រោះបន្ទាន់ពីប៉ូលិស ដោយក្នុងនោះបានបញ្ជាក់ថា គ្រួសាររបស់គេបានស្លាប់ហើយ។
គួរបញ្ជាក់ថា មានតែទារកម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារ ដ៏គួរឲ្យរន្ធត់ខាងលើនេះ ខណៈជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់អាយុ ៤៣ឆ្នាំត្រូវបានចាប់ខ្លួន។ តាមរយៈការសាកសួរជាបឋមបានឲ្យដឹងថា ជនសង្ស័យរូបនេះធ្លាប់មានប្រវត្តិ ត្រូវបានចាប់ខ្លួនប៉ុន្មានលើកផងដែរកាលពីឆ្នាំ២០០២ និងត្រូវបានផ្អាកសិទ្ធិ ក្នុងការកាន់កាប់អាវុធថែមទៀត។ សម្រាប់មូលហេតុ នៃការបាញ់ប្រហារខាងលើនេះ កំពុងតែស្ថិតនៅក្នុងការស៊ើបអង្កេតបន្តទៀត៕