(ញូយ៉កស៊ីធី)៖ វេជ្ជបណ្ឌិតកំពូលម្នាក់ប្រចាំនៅទីក្រុងញូយ៉កស៊ីធីរបស់សហរដ្ឋអាមេរិក ដែលបានស្ថិតក្នុងសមរភូមិជួរមុខតទល់ជាមួយ ការរីករាលដាលនៃជំងឺ COVID-19 នោះ ទីបំផុតបានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយមិនច្បាស់ថាមកពីសម្ពាធនៃអ្វីៗដែលគាត់បាន ប្រឈមនៅឯមន្ទីរពេទ្យ ឬក៏យ៉ាងណាឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
លោកស្រីវេជ្ជបណ្ឌិត Lorna Breen ដែលជាប្រធានផ្នែកវេជ្ជសាស្រ្តនៃនាយកដ្ឋានសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ New York-Presbyterian Allen Hospital ស្ថិតក្នុងសង្កាត់ Manhattan នៃទីក្រុងញូយ៉ក បានបាត់បង់ជីវិត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីលោកស្រីបានធ្វើអត្តឃាតខ្លួនឯង ។ ឪពុកលោកស្រីបានប្រាប់ថា កូនស្រីគាត់ពុំធ្លាប់មានប្រវត្តិជំងឺផ្លូវចិត្តអ្វីឡើយ។ លោកស្រីបានស្លាប់នៅទីក្រុង Charlottesville នៃរដ្ឋ Virginia ជាទីដែលលោកស្រីបានស្នាក់នៅជាមួយគ្រួសារ បន្ទាប់ពីមន្ទីរពេទ្យលោកស្រីនៅញូយ៉ក អនុញ្ញាតឲ្យលោកស្រីសម្រាក។
គួរជម្រាបថា លោកស្រី Lorna Breen ខ្លួនគាត់ ក៏បានឆ្លងជំងឺ COVID-19 ដែរ កំឡុងពេលលោកស្រីបំពេញការងារនៅមន្ទីរពេទ្យខាងលើ តែមិនមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ ហើយលោកស្រីក៏បានត្រឡប់ទៅធ្វើការវិញ ក្រោយជាសះស្បើយនៅជាងមួយសប្តាហ៍ ក្រោយមក។ យ៉ាងណាមិញលោកស្រី Breen ក៏ត្រូវបានមន្ទីរពេទ្យសម្រេចឲ្យបន្តសម្រាកនៅផ្ទះថែមទៀត ហើយគ្រួសារលោកស្រីក៏បាននាំលោកស្រី ទៅស្នាក់នៅជាមួយគ្នានៅទីក្រុង Charlottesville។
បើតាមលោកឪពុកលោកស្រី មួយរយៈចុងក្រោយមុនពេលធ្វើអត្តឃាត លោកស្រី Breen ហាក់មានសភាពខុសប្លែក ហើយជារឿយៗបាន រៀបរាប់ប្រាប់គាត់នូវស្ថានភាពដែលលោកស្រីបានឆ្លងកាត់ ពេលធ្វើការនៅមន្ទីរពេទ្យក្នុងទីក្រុងញូយ៉ក ចំពោះមុខវិបត្តិ COVID-19។ ក្នុង ចំណោមអ្នកឆ្លងច្រើនជាង១លាននាក់ និងស្លាប់ជាង៥.៦ម៉ឺននាក់នៅទូទាំងសហរដ្ឋអាមេរិក នៅទីក្រុងញូយ៉កស៊ីធីមានអ្នកឆ្លងជាង១៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង ១.២ម៉ឺននាក់៕