(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានខកខានចូលរួមក្នុងពិធីបុណ្យជាតិដ៏សំខាន់មួយ កាលពីថ្ងៃទី១៥ ខែមេសា ប្រហែលជាដោយសារតែ ព្រួយបារម្ភពីការឆ្លងរាតត្បាត COVID-19 មិនមែនដោយសារតែលោកមានជំងឺ ដូចពាក្យចចាមអារ៉ាមនោះទេ។ នេះបើតាមរដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
អវត្តមានរបស់លោក គីម ជុងអ៊ុន ក្នុងពិធីខួបកំណើតជីតាលោក និងជាស្ថាបនិកកូរ៉េខាងជើង គឺលោក គីម អ៉ីលស៊ុង កាលពីថ្ងៃទី១៥ ខែមេសា គឺជារឿងមិនធ្លាប់ មានពីមុនមក ហើយលោកក៏មិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីពេលនោះមកដែរ រហូតដល់បង្កឱ្យមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ថា មេដឹកនាំកំពូល រូបនេះមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងខ្លះទៀតថាលោកបានស្លាប់បាត់ទៅហើយ។ ប៉ុន្តែ រដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូង សុទ្ធតែមានក្តីជឿជាក់ថា លោក គីម ជុងអ៊ុន នៅតែមានជីវិត និងមានសុខភាពល្អ ហើយលោកទំនងជាកំពុងស្ថិតនៅតំបន់ វ៉ុនសាន (Wonsan) ដែលជាទីក្រុងកំពង់ផែធំមួយរបស់កូរ៉េខាងជើង។
ជុំវិញបញ្ហានេះដែរ ថ្លែងនៅចំពោះសមាជិកសភាជាតិ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Kim Yeon-chul សង្កត់ធ្ងន់ថា លោក គីម ជុងអ៊ុន បានខកខាន ចូលរួមក្នុងពិធីខួបកំណើតជីតា ប្រហែលដោយសារតែបារម្ភពីការឆ្លង COVID-19។ លោក Yeon-chul បានលើកឡើងដូច្នេះថា៖ «ជាការពិតណាស់, លោក គីម មិនដែលខកខានពិធីខួបកំណើតលោក គីម អ៊ីលស៊ុង នោះទេ ចាប់តាំងពីលោកឡើងកាន់អំណាចមក។ ប៉ុន្តែ ព្រឹត្តិការណ៍នៃពិធីខួបកំណើតមួយចំនួន ក្នុងនោះរួមមានទាំងការអបអរសាទរ និងពិធីជប់លៀង ត្រូវបានលុបចោលដោយសារ COVID-19»។ រដ្ឋមន្ត្រីរូបនេះ បន្តទៀតថា៖« កាលពីពាក់កណ្ដាលខែមករា កន្លងទៅ លោក គីម ក៏ធ្លាប់បានខ្លួនជាសាធារណៈជិត២០ថ្ងៃផងដែរ ដូច្នេះខ្ញុំគិតថាវាមិនមែនជារឿងចម្លែកនោះទេ ក្រោមកាលៈទេសៈនៃការឆ្លងរាតត្បាត COVID-19» ។
មកទល់នឹងពេលនេះ កូរ៉េខាងជើង មិនទាន់ទទួលស្គាល់ពីការរកឃើញ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនឡើយ សូម្បីតែមួយករណី។ ប៉ុន្តែ អាជ្ញាធរទីក្រុង ព្យុងយ៉ាង បានចាត់វិធានការរឹតត្បិតជាច្រើនក្នុងនោះរួមទាំងការបិទព្រំដែនជាមួយចិនផងដែរ៕