(វ៉ាស៊ីនតោន)៖ សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Microsoft និងជាកំពូលមហាសេដ្ឋីលំដាប់ថ្នាក់ពិភពលោក គឺលោក Bill Gates ទើបតែបាននិយាយថា ទាល់តែយ៉ាងហោច១-២ឆ្នាំទៀត ចាប់ពីពេលឥឡូវទៅ ទើបជីវិតរស់នៅរបស់ពួកយើងអាចវិលត្រឡប់ទៅដូចដើម កាលពីមិនទាន់ផ្ទុះវិបត្តិជំងឺឆ្លងជាលក្ខណៈសកល COVID-19 វិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានបារាំង Le Figaro នាពេលថ្មីៗនេះ លោក Gates បានលើកឡើងដូច្នេះថា «ទោះបីជាការរាតត្បាតនៃជំងឺ COVID-19 អាចត្រូវគ្រប់គ្រងបានទូទាំងពិភពលោកក៏ដោយ ជីវិតរស់នៅរបស់មនុស្សយើងនឹងទាន់អាចត្រឡប់ទៅធម្មតាដូចកាលពីពេលមុនឡើយ សម្រាប់រយៈពេល១-២ឆ្នាំខាងមុខ»។
បើតាមលោក Bill Gates អ្វីដែលពិភពលោកយើងអាចធ្វើបាន ក្នុងរយៈពេល១-២ឆ្នាំខាងមុខនេះ គឺបង្កើតឲ្យបាននូវប្រព័ន្ធធ្វើតេស្តព្រមទាំងតាមដាន ដែលអាចរកឃើញចំណុចឆ្លងរាលដាលនៃជំងឺបានឆាប់រហ័ស និងជួយមិនឲ្យរីកសាយភាយខ្លាំង។ ទោះបែបនេះក្តី ជីវិតរស់នៅទូទៅរបស់យើង នឹងនៅតែបន្តប្រែប្រួលខុសពីពេលមុនខ្លាំងដដែល ដោយសារការភ័យខ្លាចឆ្លងជំងឺនេះ ដរាបណាយើងមិនទាន់វិធីសាស្រ្តដែលប្រកបដោយប្រសិទ្ធភាពខ្លាំងបំផុត ឬក៏វ៉ាក់សាំងការពារ។ លោក Gates បានចំណាយថវិកាជាច្រើន ដើម្បីឲ្យពិភពលោកមានវ៉ាក់សាំង COVID-19 បានឆាប់រហ័ស ព្រោះវាជាអ្វីពិភពលោកបច្ចុប្បន្នត្រូវការជាទីបំផុត។
គួរជម្របថា អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុក COVID-19 ជាជំងឺរាតត្បាតលក្ខណៈសកល កាលពីថ្ងៃទី១១ ខែមីនា។ វីរុសនេះបានផ្ទុះឡើងដំបូងចេញពីទីក្រុង Wuhan នៃខេត្ត Hubei ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ហើយក្រោយមកក៏រាតត្បាតពាសពេញពិភពលោកតែម្តង។ មកទល់ពេលនេះ វាបានឆ្លងដល់មនុស្សច្រើនជាង៣លាននាក់ ក្នុងនោះស្លាប់ជិត២១២,០០០នាក់៕