(វ៉ាស៊ីនតោន)៖ តារាចម្រៀងស្បែកខ្មៅម្នាក់នៅអាមេរិក ដែលល្បីឈ្មោះខាងបទចម្រៀងបែបសាសនាគ្រឹស្ត ឈ្មោះ Troy Sneed ទើបតែ បាន បាត់បង់ជីវិត បន្ទាប់ពីលោកបានឆ្លងជំងឺ COVID-19 នៅវ័យ៥២ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Daily Mail នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
យោងតាមអ្នកផ្សព្វផ្សាយរបស់លោក Sneed គឺតារាចម្រៀងរូបនេះ បានទទួលមរណភាពកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅឯមន្ទីរពេទ្យ មួយកន្លែងក្នុងទីក្រុង Jacksonville នៃរដ្ឋផ្លូរីដា។ ឈ្មោះរបស់លោក Sneed ត្រូវបានគេស្នើឲ្យដាក់ប្រកួតប្រជែងយកពានរង្វាន់មួយកន្លែង នៃព្រឹត្តិការណ៍ពានរង្វាន់ផ្នែកឧស្សាហកម្មតន្រ្តីដ៏ធំបំផុតមួយនៅអាមេរិកគឺ Grammny សម្រាប់ស្នាដៃរបស់លោកជុំវិញអាល់ប៊ុលចម្រៀង មានចំណងជើងថា «Higher» កាលពីឆ្នាំ១៩៩៩ សម្រាប់អង្គការ Youth For Christ។
គួរជម្រាបថា អំឡុងពេលដំបូងៗនៃអាជីពរបស់លោក លោក Sneed បានធ្វើដំណើរពាសពេញសហរដ្ឋអាមេរិក ដើម្បីច្រៀងបទចម្រៀង គ្រឹស្តសាសនាជាមួយក្រុមចម្រៀងសាសនាហៅថា Georgia Mass Choir។ បន្ទាប់មក លោកក៏បានជួយបង្កើតអង្គការ Youth For Christ ដែលជាចលនាគ្រឹស្តសាសនាអន្តរជាតិមួយ មានគោលដៅផ្តោតលើការធ្វើការងារជាមួយយុវជនជុំវិញពិភពលោក៕