(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៦,៤១១ករណីថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៩៣,៥៥៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ៨៦៧នាក់ផងដែរ បន្ទាប់ពីអ្នកស្លាប់ថ្មី ៧២នាក់ត្រូវបានរាយការណ៍។ ម្យ៉ាងវិញទៀត គិតត្រឹមម៉ោង៤៖០០រសៀល ថ្ងៃអង្គារនេះដែរ ចំនួនអ្នកឆ្លងជំងឺឆ្លងដ៏កាចសាហាវនេះបានកើនលើសប្រទេសអ៉ីរ៉ង់ ដែលមានករណីឆ្លងសរុប ៩១,៤៧២ករណី។ ចំណែកឯទីក្រុងម៉ូស្គូ នៅតែរ៉ាប់រង អ្នកឆ្លងច្រើនជាងគេនៅទូទាំងប្រទេសរុស្ស៊ីចំនួន ៤៨,៤២៦ករណី៕