(ញូវដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញករណីស្លាប់ថ្មីៗ ដោយសាជំងឺ COVID-19 ចំនួន ៤៨ករណីបន្ថែមទៀត សម្រាប់រយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ខណៈករណីអ្នកឆ្លងថ្មីចំនួន ១,០៥៥ករណីក៏ត្រូវបានរាយការណ៍ នៅក្នុងថ្ងៃជាមួយគ្នានេះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីអំពី COVID-19 ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅញូដេលី) ចំនួនសរុបនៃអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសបានកើនដល់ ៩៣៤នាក់ហើយ»

ជាមួយគ្នានេះក្រសួងក៏បានបញ្ជាក់ផងដែរថា ក្រៅពីករណីស្លាប់ ក៏មានដែរករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១,០៥៥ករណី បន្ថែមទៀតត្រូវបានរាយការណ៍ នៅក្នុងរយៈពេលដូចគ្នានេះផងដែរ ដែលនាំឲ្យចំនួនសរុបបានកើនដល់ ២៩,៤៣៥ករណី។ ទោះជាយ៉ាងក្នុងចំណោមករណីឆ្លងសរុបជិត ៣ម៉ឺននាក់នេះ មានអ្នកជាសះស្បើយឡើងវិញចំនួន ៦,៨៦៩នាក់ផងដែរ ដែលនេះមានន័យថា ចំនួនករណីសកម្មដែលកំពុងសម្រាបព្យាបាលមានត្រឹមតែ ២១,៦៣២នាក់ប៉ុណ្ណោះ។

គិតត្រឹមថ្ងៃអង្គារនេះ វិធានការរឹតត្បិតលើការដើរហើរយ៉ាងតឹងរ៉ឹងបំផុត របស់ប្រទេសដែលមានចំនួនប្រជាជនជិត ១.៤ពាន់លាននាក់មួយនេះ ក្នុងការទប់ស្កាត់ជំងឺ COVID-19 គឺមានរយៈពេល ៣៥ថ្ងៃជាប់ៗគ្នាមកហើយ។ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្នុងកំឡុងពេលវីដីអូខុនហ្វឺរិន (Video Conference) ជាមួយគណៈរដ្ឋមន្រ្តីរបស់ខ្លួន នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានគូសបញ្ជាក់ថា វិធានការបិទប្រទេសនេះ អាចនឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី០៣ ខែឧសភាខាងមុខ នៅតាមតំបន់មួយចំនួនដែលមានករណីឆ្លងខ្លាំង៕