Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្គាល់ការគ្រប់គ្រងរបស់អ៉ីស្រាអែល លើផ្នែកជាច្រើននៃតំបន់ West Bank

28-04-2020 11:51

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេច ក្នុងការទទួលស្គាល់នយោបាយ ដាក់អាណានិគមរបស់អ៉ីស្រាអែលលើដែនដីមួយផ្នែកនៃតំបន់ វែសត៍ប៊ែង (West Bank) ប៉ុន្តែក៏បានស្នើឱ្យរដ្ឋាភិបាលចំរុះថ្មីនៃប្រទេសមជ្ឈិមបូព៌ាមួយនេះ បើកកិច្ចចរចាជាមួយប៉ាឡេស្ទីនផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។

ផែនការ «ចក្ខុវិស័យមជ្ឈិមបូព៌ា» ត្រូវបានបង្ហើបចេញមកកាលពីខែមករា ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ដល់ភ្លើងខៀវឱ្យអ៉ីស្រាអែល ពង្រីកសកម្មភាពអាណានិគមរបស់ខ្លួន លើដែនដីប៉ាឡេស្ទីន ដោយមិនខ្វល់ឡើយពីការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ។

ជុំវិញបញ្ហាខាងលើនេះដែរ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «យើងបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្គាល់សកម្មភាពរបស់អ៉ីស្រាអែល ក្នុងការពង្រីកដែនអធិបតេយ្យភាពរបស់ខ្លួន ក៏ដូចជាការអនុវត្តច្បាប់អ៉ីស្រាអែល លើតំបន់ជាច្រើននៃតំបន់ West Bank ស្របទៅនឹងផែនការចក្ខុវិស័យ ដែលយើងមើលឃើញថា នឹងក្លាយជាផ្នែកមួយនៃរដ្ឋអ៉ីស្រាអែល»

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះក៏បានស្នើឱ្យរដ្ឋាភិបាលចំរុះថ្មីនៃរដ្ឋជ្វីបមួយនេះ បើកកិច្ចចរចាជាមួយប៉ាឡេស្ទីនផងដែរ។ ប៉ុន្តែអាជ្ញាធរប៉ាឡេស្ទីន ធ្លាប់បានបដិសេធក្នុងការជួបចរចាជាមួយអ៉ីស្រាអែល ជាច្រើនលើករួចមកហើយ និងបានចោទប្រកាន់តបវិញថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានភាពលម្អៀង ខណៈសហភាពអឺរ៉ុបរិះគន់ផែនការរបស់លោក ត្រាំ ដូចគ្នាដោយសារតែពួកគេយល់ថា អាចនឹងបំផ្លាញដល់ «ដំណោះស្រាយរដ្ឋពីរ» រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ដែលពិភពលោកបានខិតខំ បង្កើតឡើងយ៉ាងលំបាកបំផុត៕