(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងនៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា តាមពិតប្រទេសចិនអាចបញ្ឈប់វីរុសនេះ កុំឲ្យឆ្លងរាលដាលពាលពេញពិភពលោកបាន ប៉ុន្តែចិនមិនធ្វើ... រដ្ឋាភិបាលអាមេរិកកំពុងធ្វើការស៊ើបអង្កេតយ៉ាងច្បាស់លាស់ ចំពោះអ្វីដែលបានកើតឡើងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។
លោក ត្រាំ បានធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីតសារព័ត៌មានមួយនៅឯសេតវិមានកាលពីម្សិលមិញនេះ។ នាឱកាសនោះ លោកប្រធានាធិបតីរូបនេះបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «យើងកំពុងធ្វើការស៊ើបអង្កេតមួយយ៉ាងច្បាស់ការបំផុត... យើងមិនសប្បាយចិត្តនឹងចិនទេ»។ លោក ត្រាំ បានបន្ថែមទៀតថា «យើងជឿជាក់ថា វា (វីរុស) អាចត្រូវបានបញ្ឈប់នៅត្រឹមប្រភពរបស់វា។ វាអាចបញ្ឈប់យ៉ាងឆាប់រហ័ស ហើយវានឹងមិនអាចរាលដាល ពាសពេញពិភពលោកយ៉ាងដូច្នេះទេ»។ ជាមួយគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានលើកឡើងដែរថា រដ្ឋាភិបាលរបស់លោកទំនងជានឹងអាចទាមទារ សំណងការខូចខាតពីចិនទៀតផង។
គួរជម្រាបថា កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ក៏បានវាយប្រហារចិនស្រដៀងគ្នានេះដែរ ដោយបានចោទទីក្រុងប៉េកាំងថា មិនបានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺ COVID-19 ទាន់ពេលវេលា និងបានបិទបាំងការពិតជាដើម។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង (Hua Chunying) បាននិយាយថា លោក Pompeo «គួរតែឈប់លេងល្បែងនយោបាយបែបនេះទៅ យកល្អគួរតែសន្សំថាមពលក្នុងការជួយសង្គ្រោះជីវិតមនុស្សវិញទើបជាការប្រសើរជាង»៕