(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនតែ ០៦ករណីបន្ថែមទៀតប៉ុណ្ណោះ នៅទូទាំងចិនដីគោកតែម្តង ដោយក្នុងចំណោមករណីឆ្លងថ្មីៗនេះមាន ០៣ករណីជាករណីនាំចូលពីក្រៅប្រទេស និង ០៣ករណីទៀត ជាករណីឆ្លងក្នុងស្រុកផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
គណៈកម្មការសុខាភិបាលចិន (NHC) បានគូសបញ្ជាក់ថា ករណីឆ្លងក្នុងស្រុក ០៣ករណីខាងលើ គឺត្រូវបានគេរាយការណ៍ចេញពីខេត្តហៃឡុងជាំង (Heilongjiang)។ ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការក៏បានបង្ហាញឲ្យដឹងដែរថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៥៥៥នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៨១នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទម្សិលមិញនេះ។
បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះទាំង ០៦ករណីខាងលើនេះ ចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៨៣៦ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយ សូម្បីតែម្នាក់កាលពីថ្ងៃចន្ទម្សិលមិញ៕