(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានចូលមកបំពេញការងារជាធម្មតាវិញហើយ បន្ទាប់ពីបានជាះស្បើយពីជំងឺ COVID-19 ហើយសុខភាពរបស់លោកក៏ល្អប្រសើរផងដែរ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។
នៅក្នុងកិច្ចអត្ថាធិប្បាយដំបូងរបស់លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសរូបបានបានសង្កត់ធ្ងន់ អំពីស្ថានការណ៍ប្រទេសជាតិបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងហានិភ័យដល់កម្រិតកំពូល នៃការវាយលុកដោយជំងឺរាតត្បាតសកល COVID-19 ខណៈលោកបានអំពាវនាវឲ្យប្រជាជន «កុំបាត់បង់ភាពអត់ធ្មត់ ចំពោះការបិទប្រទេសឲ្យសោះ»។
លោក បូរីស ចនសុន បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ឥឡូវនេះ យើងកំពុងចាប់ផ្តើមឈានទៅគ្រប់គ្រងជំងឺ (COVID-19) បានហើយ... ប៉ុន្តែយើងមិនអាចបោះបង់ចោល កិច្ចខិតខំប្រឹងប្រែងជាសាធារណៈ និងបន្ធូរបន្ថយការរឹតត្បិតឆាប់ពេកនោះឡើយ។ ខ្ញុំសុំឲ្យអ្នកទាំងអស់គ្នា គ្រប់គ្រងភាពអត់ធ្មត់... អ្វីដែលជាការពិតនៅពេលនេះ គឺយើងបានឆ្លងផុតចំណុចកំពូល (នៃការឆ្លងរាតត្បាត COVID-19) ហើយ»។
គួរបញ្ជាក់ថា លោក បូរីស ចនសុន បានឆ្លងជំងឺ COVID-19 និងសម្រាកព្យាបាលអស់ជាង ៣សប្តាហ៍មកហើយ។ នាយករដ្ឋមន្ត្រីអង់គ្លេស រូបនេះក៏បានសុំទោសប្រជាជនផងដែរ ចំពោះការអវត្តមានដ៏យូរ ដែលខ្លួនលោកផ្ទាល់មិនចង់ទាល់តែសោះ។ គិតត្រឹមថ្ងៃចន្ទ ទី២៧ ខែមេសា នេះតែម្តង អង់គ្លេសមានករណីឆ្លងជំងឺ COVID-19 សរុប ១៥២,៨៤០ករណី ក្នុងនោះស្លាប់ ២០,៧៣២នាក់ ខណៈចំនួនអ្នកជាសះស្បើយវិញ គឺមិនទាន់មានបញ្ជាក់ឡើយ៕