(ដាកា)៖ រាល់គ្រឹះស្ថានអប់រំនានានៅទូទាំងប្រទេសបង់ក្លាដែស នឹងត្រូវបន្តបិទទ្វាររហូតទាល់តែដល់ខែកញ្ញា ឆ្នាំ២០២០ ចំពោះមុខការរាល​ដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានធ្វើសេចក្តីប្រកាសដូចខាងលើ កំឡុងកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូជាមួយក្រុម​រដ្ឋមន្រ្តីរដ្ឋាភិបាលលោកស្រី ចេញពីវិមាននាយករដ្ឋមន្រ្តី Ganobhaban ក្នុងរដ្ឋធានីដាកា នាថ្ងៃចន្ទនេះ។ លោកស្រី Sheikh បាននិយាយថា «យើងនឹងមិនបើកទ្វារគ្រឹះស្ថានអប់រំឡើងវិញដាច់ខាតរហូតដល់តែជំងឺនេះ ស្ថិតក្រោមការគ្រប់គ្រងបាន តែពួកយើងនឹងចាប់ផ្តើមបើកទ្វារ​​វិស័យដទៃទៀតដោយសន្សឹមៗ»

គួរជម្រាបថា បើតាមលោកស្រី Sheikh គឺរដ្ឋាភិបាលរបស់លោកផ្តល់អាទិភាពចម្បងបំផុតទៅលើការជួយសង្រ្គោះជីវិត និងការធានានូវ​សុវត្ថិភាពនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបង់ក្លាដែស កំពុងវិបត្តិជំងឺរាតត្បាតជាសកល COVID-19៕