(ប៉េកាំង)៖ ចិនកំពុងបន្តសាងសង់ប្រព័ន្ធតេឡេស្កូប មួយប្រភេទសម្រាប់ចាប់រលកវិទ្យុ ដែលអាចបង្វិលបានក្នុងទំហំបំផុតប្រចាំតំបន់អាស៊ី ដោយចានអង់តែនរបស់វាមានអង្កត់ផ្ចិត ៧០ម៉ែត្រ ដើម្បីបម្រើដល់ការទទួលទិន្នន័យ ពីបេសកកម្មរុករកជាលើកដំបូងរបស់ខ្លួន នៅភពអង្គារ (Mars) ដែលនឹងត្រូវចេញដំណើរក្នុងឆ្នាំនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។
ប្រព័ន្ធតេឡេស្កូបដ៏ធំខាងលើ បាននិងកំពុងបន្តស្ថិតក្រោមការសាងសង់នៅក្នុងទីក្រុង ធានជិន (Tianjin) ដែលស្ថិតក្បែររដ្ឋធានីប៉េកាំង។ ដំណើរការសាងសង់របស់វា ត្រូវបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០១៨ ហើយត្រូវគេរំពឹងថា នឹងបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំនេះ ដើម្បីឲ្យស្របទៅតាម បេសកកម្មរុករកទៅកាន់ភពអង្គារ។
ប្រព័ន្ធតេឡេស្កូបនោះនឹងក្លាយជាកន្លែងដ៏សំខាន់ សម្រាប់ការទទួលទិន្នន័យផ្នែកវិទ្យាសាស្រ្ត ដែលបាញ់បញ្ជូនមកកាន់ផែនដីវិញ ដោយយានចិននៅភពអង្គារ ដែលនឹងស្ថិតនៅចម្ងាយឆ្ងាយអាចរហូតដល់ ៤០០លានគីឡូម៉ែត្រពីភពរបស់យើង ដូច្នេះហើយរលកសញ្ញានានានឹងមានកម្លាំងខ្សោយ ទើបតម្រូវឲ្យមានឧបករណ៍ទំនើប និងធំធេងដើម្បីស្រូបយក។
គួរជម្រាបថា ជាច្រើនឆ្នាំកន្លងមកនេះ ចិនបានសម្រេចជោគជ័យ ក្នុងការបញ្ជូនយានសរុបចំនួន ០៤គ្រឿង ទៅកាន់ផ្ទៃព្រះច័ន្ទ ដែលស្ថិតនៅចម្ងាយចន្លោះ ៣៦០,០០០-៤០០,០០០គីឡូម៉ែត្រពីផែនដី។ បើក្រឡេកទៅមើលចម្ងាយរវាងភពអង្គារ និងភពយើងវិញគឺស្ថិតនៅចន្លោះពី ៥៦-៤០០លានគីឡូម៉ែត្រឯណោះ។
បេសកកម្មរុករកភពអង្គារជាលើកដំបូងបំផុតរបស់ចិន ត្រូវបានដាក់ឈ្មោះឲ្យថា ធានវិញ ១ (Tianwen-1) ដែលនឹងរួមមានទាំងផ្កាយរណប យានសម្រាប់ចុះចត និងរ៉ូបូតចល័តនៅលើផ្ទៃភពក្រហមនោះ ក្នុងបេសកកម្មតែមួយតែម្តង៕