(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចែអ៉ីន នៅថ្ងៃចន្ទនេះបាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកមធ្យោបាយ បែបប្រាកដនិយម និងជាក់ស្ដែងបំផុត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង នាឱកាសខួបលើកទី ៣ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ផាន់ម៉ាន់ចុម (Panmunjom)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។
សេចក្ដីថ្លែងការណ៍រួម Panmunjom ត្រូវបានចុះហត្ថលេខាដោយលោក មូន ចេអ៉ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំឡុងកិច្ចប្រជុំកំពូលលើកដំបូងរវាង មេដឹកនាំទាំងពីរនៅឯតំបន់ព្រំដែនអន្តរកូរ៉េគ្មានយោធានៃភូមិ Panmunjom នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។ លោក មូន ចេអ៉ីន បានលើកឡើងយ៉ាងដូច្នេះថា «យើងមិនអាចអង្គុយរង់ចាំ ឲ្យស្ថានការណ៍វិវឌ្ឍទៅរកភាពល្អ ដោយឯកឯងនោះឡើយ។ យើងត្រូវតែបន្តធ្វើកិច្ចការបន្ថែមទៀត ទោះបីជារឿងតូចៗក៏ដោយ ដើម្បីដោះស្រាយឧបសគ្គនៅចំពោះមុខ»។
បើតាមអ្នកតាមដានស្ថានការណ៍ ក្រោយពីសេចក្តីថ្លែងការណ៍រួមរវាងកូរ៉េទាំងពីរ ត្រូវបានចុះហត្ថលេខានោះ លទ្ធផលវិជ្ជមានដែលអាចសម្រេចបានគឺមានតិចតួចបំផុត ហើយវាមិនមែនដោយសារតែបញ្ហា កង្វះខាតការប្តេជ្ញាចិត្តរវាងភាគីកូរ៉េទាំងពីរឡើយ ប៉ុន្តែអ្វីដែលរារាំងដំណើរការនេះធំបំផុតនោះ គឺភាពបរាជ័យក្នុងការដោះស្រាយ បញ្ហាទណ្ឌកម្មរបស់អន្តរជាតិ ដែលមានស្រាប់លើកូរ៉េខាងជើង៕