(វ៉ាស៊ីនតោន)៖ បុរសម្នាក់ឈ្មោះ ម៉ៃខឺល ប្រ៊ែនឌីន (Michael Lane Brandin) អាយុ ២៣ឆ្នាំ មកពីរដ្ឋតិចសាស់ ដែលត្រូវបានឃាត់ខ្លួនដោយសារតែការកុហកថា ខ្លួនបានឆ្លងជំងឺ COVID-19 នោះបានអះអាងថា រូបគេពិតជាមានការភ័យខ្លាចយ៉ាងខ្លាំង កំឡុងពេលជាប់ក្នុងមន្ទីរឃុំឃាំងពេញមួយយប់។ នេះបើតាមដកស្រង់ចេញផ្សាយ ពីសារព័ត៌មាន The Sun នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។
កាលពីខែមីនាកន្លងទៅ លោក Brandin បានបង្ហោះសារមួយនៅលើ Facebook ដោយនិយាយថា រូបគេត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ហើយមិនតែប៉ុណ្ណោះថែមទាំងអះអាងទៀតផងថា គ្រូពេទ្យបានប្រាប់រូបគេថា COVID-19 អាចឆ្លងតាមខ្យល់អាកាស ដែលនេះបានបង្កការភ័យខ្លាចយ៉ាង នៅក្នុងចំណោមអ្នកលេង Facebook មួយចំនួន។
លោក Brandin បានលើកឡើងក្រោយចំណាយពេលពេញមួយយប់ នៅក្នុងមន្ទីរឃុំឃាំងយ៉ាងដូច្នេះថា «ពួកគេ (ប៉ូលិស) បាននិយាយថា ខ្ញុំត្រូវតែស្ថិតនៅក្នុងមន្ទីរឃុំឃាំងមួយយប់ ពីព្រោះខ្ញុំត្រូវរង់ចាំការជំនុំជម្រះ ដែលនឹងមកដល់នៅប៉ុន្មានថ្ងៃខាងមុខ... តែនៅទីនោះការភ័យខ្លាចរបស់ខ្ញុំឡើងដល់ចំណុចកំពូល ហើយដោយសារតែការបង្ហោះលើ Facebook ខ្ញុំបានបាត់បង់ការងារ និងអត្ថប្រយោជន៍សុខភាពរបស់ខ្ញុំ ហើយខ្ញុំមិនអាចបន្តការសិក្សាថ្នាក់អនុបណ្ឌិត ដោយសារគ្មានលុយ»។
គួរបញ្ជាក់ថា លោក Brandin ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាមួយប្រាក់ធានា ១,០០០ដុល្លារ ហើយបច្ចុប្បន្នរូបគេកំពុងរង់ចាំការជំនុំជម្រះក្តី៕