(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១០ករណីបន្ថែមទៀត ដែលនាំឲ្យតួលេខអ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១០,៧៣៨ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។
កូរ៉េខាងត្បូងបានរក្សាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ទង់ ១០ករណីលើសខ្វះតិចតួច សម្រាប់រយៈពេល ០៩ថ្ងៃជាប់ៗគ្នាមកហើយ ដោយក្នុងចំណោមករណីឆ្លងៗនេះទៀតសោត មានមួយផ្នែកជាករណីនាំចូលពីក្រៅប្រទេស។ តួយ៉ាងដូចករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះជាដើមមាន ០៧ករណី ជាករណីនាំចូលពីក្រៅប្រទេស ដែលនាំឲ្យករណីនាំចូលសរុប នៅក្នុងប្រទេសមួយនេះកើនដល់ ១,០៤៤ករណី។
នៅក្នុងរយៈពេលដូចគ្នានេះ កូរ៉េខាងត្បូងក៏បានរកឃើញករណីស្លាប់ចំនួន ០១ករណី បន្ថែមទៀតដែរ ដែលនាំឲ្យចំនួនសរុបបានកើនដល់ ២៤៣នាក់ស្មើនឹង ២.២៦% នៃចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស។ ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ៨,៧៦៤នាក់ហើយ ដែលស្មើនឹង ៨១.៦% នៃអ្នកជំងឺសរុប បន្ទាប់ពីជាសះស្បើយ ៤៧នាក់បន្ថែមទៀត ទើបតែបានចាកចេញពីមន្ទីរពេទ្យ។
គួរជម្រាបថា គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៦០១,០០០នាក់ ក្នុងចំណោមនោះ ៥៨២,០២៧នាក់ មានលទ្ធផលអវិជ្ជមាន ខណៈ ៨,៨៩៥នាក់ កំពុងស្ថិតក្នុងការតាមដាន៕