(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យរម្សិលមិញនេះ មានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ត្រឹមតែ ០៣ករណីប៉ុណ្ណោះ នៅទូទាំងប្រទេសចិនដីគោកតែម្តង ហើយក្នុងចំណោមករណីឆ្លងថ្មីៗនេះទៀតសោត មាន ០២ករណីជាករណីនាំចូលពីក្រៅប្រទេស និង ០១ករណីទៀត ជាករណីឆ្លងក្នុងស្រុកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
គណៈកម្មការសុខាភិបាលចិន (NHC) បានគូសបញ្ជាក់ថា ករណីឆ្លងក្នុងស្រុក ០១ករណីខាងលើ គឺត្រូវបានគេរាយការណ៍ចេញពីខេត្តហៃឡុងជាំង (Heilongjiang)។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការក៏បានបង្ហាញឲ្យដឹងដែរថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៤៧៤នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៨០នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះទាំង ០៣ ករណីខាងលើនេះ ចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៨៣០ករណី ខណៈតួលេខនៃករណីអ្នកស្លាប់គឺមានសុប ៤,៦៣៣នាក់៕