(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ COVID-19 ៩៣១ករណីថ្មី ហើយបើបូកបញ្ចូលតួលេខថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ១៣,៦២៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។
ក្នុងចំណោមករណីថ្មីៗខាងលើ មាន១៥ករណីជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍ ហើយករណីនៅសល់ដទៃទៀតគឺជា ពលករកាន់ប័ណ្ណបម្រើការងារ រយៈពេលវែង ដែលស្ថិតក្នុងកន្លែងស្នាក់នៅសម្រាប់ពលករបរទេស។ បើតាមក្រសួងសុខាភិបាលសិង្ហបុរី តួលេខអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ បានកើនឡើងជាថ្មី បើធៀប ទៅនឹងថ្ងៃសៅរ៍ម្សិលមិញមាន ៦១៨នាក់ តែយ៉ាងណាចំនួននេះនៅតិចជាងតួលេខអ្នកឆ្លងថ្មីនៅសិង្ហបុរី ក្នុងរយៈពេល០៤ថ្ងៃកន្លងទៅ នាដើមសប្តាហ៍នេះ ដែលមានចំនួន ច្រើនជាង១,០០០នាក់។
គួរជម្រាបថា ទីតាំងស្នាក់នៅសម្រាប់ពលករបរទេសសរុប២៥កន្លែងនៅសិង្ហបុរី ត្រូវបានចាត់ទុកជា កន្លែងដាក់ឲ្យនៅដាច់ដោយឡែក។ នៅចំពោះមុខការកើនឡើងនៃ ចំនួនករណីឆ្លងក្នុងប្រទេសសិង្ហបុរី នាយករដ្ឋមន្រ្តីសិង្ហបុរីលោកលី សៀន ឡុង (Lee Hsien Loong) កាលពីថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា សិង្ហបុរីនឹងបន្តអនុវត្តវិធានការ «បិទប្រទេសមួយផ្នែក» រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺ COVID-19៕