(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាដកតំណែងរដ្ឋមន្ត្រីសុខាភិបាល លោក Alex Azar ដោយសារតែបរាជ័យ តាំងពីដំបូងក្នុងការដោះស្រាយវិបត្តិ COVID-19 ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។
Politico ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា បញ្ជីឈ្មោះអ្នកដែលអាចជំនួសលោក Azar ក្នុងនោះរួមមានលោកស្រី Deborah Birx ជា អ្នកសម្របសម្រួលវីរុសកូរ៉ូណានៃសេតវិមាន, ប្រធានមជ្ឈមណ្ឌសេវាថែទាំវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ លោកស្រី Seema Verma និងអនុរដ្ឋមន្ត្រីសុខាភិបាល អាមេរិក លោក Eric Hargan។
ក៏ប៉ុន្តែ អ្នកនាំពាក្យសេតវិមាន លោក Judd Deere បានបដិសេធការចុះផ្សាយព័ត៌មានខាងលើ។ លោក Deere បានបញ្ជាក់ដូច្នេះថា៖«រាល់ពាក្យចចាមអារ៉ាមពីបុគ្គល គឺជារឿងគ្មានទំនួលខុសត្រូវ និងការបង្វែរចំណាប់អារម្មណ៍ ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើង ឆ្លើយតបទៅនឹង COVID-19 តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន សហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារ COVID-19 ៥៤,២៦៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៩៦០,៨៩៦នាក់ ខណៈ១១៨,១៦២នាក់ ជាសះស្បើយ៕