(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីពេលនេះ កំពុងស្ថិតនៅក្នុងសន្ទុះនៃការឆ្លង COVID-19 យ៉ាងគំហុកជាប្រចាំថ្ងៃតែម្តង ដោយនៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,៩៦៦នាក់បន្ថែមទៀតត្រូវបានរកឃើញ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៧៤,៥៨៨ករណីឯណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។
ក្រៅពីករណីឆ្លង COVID-19 ដែលទើបកើនឡើងយ៉ាងគំហុកដូចខាងលើ នៅក្នុងរយៈពេលដូចគ្នានេះ មនុស្ស ៦៦នាក់បន្ថែមទៀតក៏បានបាត់បង់ជីវិតផងដែរ ដែលនាំឲ្យចំនួនអ្នកបាត់បង់ជីវិតសរុបនៅរុស្ស៊ី កើនឡើងដល់ ៦៨១នាក់ ខណៈចំនួនអ្នកជាសះស្បើយវិញ បានកើនឡើងដល់ ៦,២៥០នាក់។
គួរបញ្ជាក់ថា បើពិនិត្យមើលទៅលើសន្ទុះនៃការឆ្លង រុស្ស៊ីនឹងអាចវ៉ាដាច់ប្រទេសចិន នៅរយៈពេលពីរទៅបីថ្ងៃខាងមុខនេះ សម្រាប់ករណីឆ្លងសរុប ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺអត្រាស្លាប់ដោយសារជំងឺ COVID-19 នៅរុស្ស៊ីមានកម្រិតទាបខ្លាំងនៅឡើយ បើធៀបនឹងអត្រាឆ្លងសរុប ដោយក្នុងចំណោមករណីឆ្លងសរុប ៧៤,៥៨៨ករណី អ្នកស្លាប់មានតែ ៦៨១នាក់ប៉ុណ្ណោះ៕