(ហ្សឺណេវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាវឲ្យមានការអភិវឌ្ឈ និងផលិតឧបករណ៍សម្រាប់ព្យាបាល និងបង្ការជំងឺ COVID-19 មួយ ដែលអាចប្រើប្រាស់បានជាសកល និងមានតម្លៃសមរម្យអាចទទួលបានគ្រប់ៗគ្នា។ នេះបើយើងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។
លោក Guterres បានធ្វើការកាត់សម្គាល់បែបនេះ នៅក្នុងការចាប់ផ្តើមនៃកិច្ចប្រជុំសហប្រតិបត្តិការសកលមួយ ដែលរៀបចំឡើងដោយ អង្គការសុខភាពពិភពលោក WHO ដើម្បីពន្លឿនការអភិវឌ្ឍឧបករណ៍សម្រាប់ព្យាបាល និងវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 កាលពីថ្ងៃសុក្រសប្តាហ៍នេះ។
ស្ថិតក្នុងឪកាសនោះ អគ្គលេខាធិការយូអិនរូបនេះបានលើកឡើងថា «ពិភពលោកបច្ចុប្បន្នកំពុងត្រូវការការអភិវឌ្ឍ និងផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 មួយដែលមានសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់មនុស្សគ្រប់រូប។ ពោលគឺមិនមែនសម្រាប់តែប្រទេសមួយ ឬពីរ ឬក៏សម្រាប់ពាក់កណ្តាលពិភពលោកទេ។ ដូច្នេះថ្នាំវ៉ាក់សាំងដែលផលិតឡើង ត្រូវតែជាថ្នាំដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពអាចប្រើប្រាសបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង»។
លោក ហ្គូទែរែស បានបន្ថែមថា ពិភពលោកដែលគ្មាន COVID-19 គឺទាមទារឲ្យមានការខិតខំប្រឹងប្រែង ផ្នែកសុខភាពសាធារណៈដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ ជាមួយគ្នានេះលោកអគ្គលេខាធិការ ក៏បានសង្កត់ធ្ងន់ទៀតថា ពិភពលោកទាំងមូលចាំបាច់គួរតែចេះចែករំលែក ទិន្នន័យដល់គ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ហើយជាពិសេសទៅទៀតនោះ នៅចំពោះមុខវិបត្តិសកលនេះ អ្នកដឹកនាំទាំងអស់ត្រូវតែយកកិច្ចការនយោបាយ ដាក់មួយឡែកសិន៕