(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីនបានប្រកាសនៅល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ នេះថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅក្នុងប្រទេសអាស៊ានមួយនេះ បានកើនឡើងដល់ ៧,២៩៤ករណីហើយ គិតចាប់តាំងពីវាបានផ្ទុះឡើងដំបូង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
អាជ្ញាធរសុខាភិបាលហ្វីលីពីន បានបញ្ជាក់ទៀតថា អ្នកជំងឺ COVID-19 សរុប ១០២នាក់បន្ថែមទៀតត្រូវបានរកឃើញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាហេតុនាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដូចខាងលើ។ ក្រៅពីចំនួនអ្នកឆ្លង កើនឡើងបន្ថែមទៀត អ្នកជាសះស្បើយចំនួន ៣០នាក់បន្ថែមទៀត ក៏ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប កើនឡើងដល់ ៧៩២នាក់។
បន្ថែមពីនេះទៀត នៅរយៈពេលដូចខាងលើនេះអ្នកជំងឺ COVID-19 ដែលស្ថិតក្នុងអការៈធ្ងន់ធ្ងរបំផុតចំនួន ១៧នាក់ទៀត បានបាត់បង់ជីវិត នាំឲ្យចំនួនអ្នកស្លាប់សរុប នៅហ្វីលីពីន កើនឡើងដល់ ៤៩៤នាក់៕