(វូហាន)៖ យន្តហោះផ្ទុកទៅដោយគ្រឿងបរិក្ខាវេជ្ជសាស្ត្រ បានហោះចេញពីខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន សំដៅទៅកាន់រដ្ឋញូយ៉កសហរដ្ឋអាមេរិក ដែលកំពុងរងគ្រោះដោយសារ ជំងឺរាតត្បាតសកល COVID-19 ធ្ងន់ធ្ងរជាងគេនៅអាមេរិក និងនៅលើពិភពលោកទាំងមូលផងដែរ។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។
តាមពិតទៅយន្តហោះខាងលើនេះ បានហោះចាកចេញពីខេត្តហ៊ូប៉ី តាំងពីវេលាម៉ោង ៨៖៣៤នាទីយប់ថ្ងៃសុក្រមកមកម្ល៉េះ (ម៉ោងនៅទីក្រុងវូហាន) ដោយនៅក្នុងនោះ មានផ្ទុកទៅដោយគ្រឿងបរិក្ខាវេជ្ជសាស្ត្រ ជាច្រើនប្រភេទសរុបចំនួន ២០តោន។ នេះជាយន្តហោះដឹកអ្នកដំណើរដំបូងហើយ ដែលត្រូវប្រើប្រាស់ជាយន្តហោះដឹកទំនិញ ហោះចេញពីខេត្តភាគកណ្តាលចិនមួយនេះ សំដៅទៅកាន់សហរដ្ឋអាមេរិក។
អាកាសចរណ៍ចិនភាគខាងត្បូង (China Southern Airlines) ក៏ធ្លាប់បានដឹកឧបករណ៍វេជ្ជសាស្ត្រ ពីទីក្រុងវូហាន នៃខេត្តហ៊ូប៉ី សំដៅទៅកាន់ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ, រ៉ូម, ប៉ារីស, ឡុងដ៍ និងហ្វ្រេងហ្វឺតផងដែរ ដើម្បីជួយដល់ប្រតិបត្តិការទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺ COVID-19 នៅតំបន់ទាំងនោះ។
គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អាកាសចរណ៍ចិនភាគខាងត្បូង (China Southern Airlines) បានកែប្រែជើងហោះហើរដឹកអ្នកដំណើរសរុប ២៥៥ ទៅជាជើងហោះហើរដឹកទំនិញវិញ ដោយក្នុងនោះចិនបានបញ្ជូនទំនិញសរុប ២,៩៣០តោនទៅកាន់ប្រទេស និងតំបន់សរុប ២២ ទូទាំងពិភពលោករួមមានដូចជា អ៉ីតាលី, បារាំង, កាណាដា, អូស្ត្រាលី, តួកគី, កេនយ៉ា, ជប៉ុន និងកូរ៉េខាងត្បូងជាដើម៕