(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ នេះបានប្រកាសថា មនុស្សចំនួន ៥២នាក់ទៀតបានបាត់បង់ជីវិត ដោយសារតែជំងឺ COVID-19 ដែលនាំឲ្យមនុស្សស្លាប់សរុបកើនដល់ ៧៧៥នាក់ ខណៈអ្នកជំងឺ ១,០៥៤នាក់បន្ថែមទៀត ក៏ត្រូវបានរកឃើញផងដែរ នាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសដែលមានប្រជាជនជិត ១.៤ពាន់លាននាក់មួយនេះ កើនឡើងដល់ ២៤,៥០៦ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
បើតាមទិន្នន័យបន្ថែមរបស់ក្រសួងសុខាភិបាលឥណ្ឌា គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងញូដេលី) អ្នកជាសះស្បើយពី COVID-19 សរុប ៥,០៦៣នាក់ហើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ហេតុដូច្នេះបច្ចុប្បន្ន ឥណ្ឌាមានអ្នកជំងឺ COVID-19 សរុប ១៨,៦៦៨នាក់ កំពុងស្ថិតក្នុងការសម្រាកព្យាបាល។
គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា នេះគឺជាថ្ងៃទី ៣២ ហើយដែលឥណ្ឌាអនុវត្តការបិទប្រទេស ដែលនឹងបន្តរហូតដល់ថ្ងៃទី០៣ ខែឧសភាខាងមុខនេះ៕