(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១០ករណីបន្ថែមទៀត ត្រូវបានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះ ខណៈករណីអ្នកស្លាប់ មិនមានឡើយសូម្បីតែម្នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap។
ករណីឆ្លងថ្មីៗទាំង ១០ករណីខាងលើនេះ មាន ០៤ករណីជាករណីនាំចូល ពីក្រៅប្រទេស និង ០៦ករណីឆ្លងផ្សេងទៀតជាករណីឆ្លងក្នុងស្រុកតែម្តង ដែលត្រូវបានរកឃើញ នៅរយៈពេលពេញមួយថ្ងៃសុក្រ។
បើបូកបញ្ចូលករណីឆ្លងថ្មីៗទាំង ១០ករណីខាងលើនេះ នាំឲ្យតួលេខអ្នកឆ្លងសរុបនៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ បានកើនដល់ ១០,៧១៨ករណី ខណៈតួលេខនៃអ្នកស្លាប់សរុបនៅតែរក្សានៅត្រឹម ២៤០ នាក់ដដែល ដោយមិនមានករណីស្លាប់សូម្បីតែម្នាក់នៅទូទាំងប្រទេសតែម្តង ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាមកនេះ។
ដោយឡែកសម្រាប់របាយការណ៍ស្តីអំពីតួលេខសរុប នៃអ្នកជាសះស្បើយពីជំងឺ COVID-19 នេះវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ៨,៦៣៥នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ១៣៤នាក់បន្ថែមទៀតទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ៕