(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ មានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១១ករណីបន្ថែមទៀតត្រូវបានបញ្ជាក់។ ប៉ុន្តែករណីទាំងនេះ គឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ដែលនាំឲ្យចំនួនសរុប នៃករណីនាំចូលពីក្រៅ នៅក្នុងប្រទេសមួយនេះបានកើនដល់ ១,៦២៩ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្នុងចំណោមករណីនាំចូលពីក្រៅប្រទេសសរុបចំនួន ១,៦២៩ករណីខាងលើ មានអ្នកជំងឺចំនួន ៩០៩នាក់បានជាសះស្បើយឡើងវិញ ខណៈ ៧២០ នាក់ផ្សេងទៀងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ២៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការក៏បានបង្ហាញឲ្យដឹងដែរថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៣៤៦នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៨៩នាក់បន្ថែមទៀតទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃសុក្រម្សិលមិញនេះតែម្តង។
បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ ដែលបានរាយការណ៍នៅថ្ងៃនេះទាំង ១១ករណី ដែលជាករណីនាំចូលពីក្រៅខាងលើ ចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៨១៦ករណី ខណៈតួលេខ នៃករណីអ្នកស្លាប់នៅតែរក្សានៅត្រឹម ៤,៦៣២នាក់ដដែល ដោយមិនមានករណីស្លាប់ សូម្បីតែម្នាក់នៅទូទាំងប្រទេសចិនតែម្តង ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ៕