(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃសុក្រនេះ បានប្រកាសចាប់ផ្តើមនូវ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងទ្រង់ទ្រាយធំមួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍ ការផលិត និងការចែកចាយឱសថក៏ដូចជាវ៉ាក់សាំង ប្រឆាំងជំងឺរាតត្បាតជាសកល COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។
ការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការខាងលើ ត្រូវបានប្រកាសក្នុងកម្មវិធីមួយរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយមានវត្តមាន អគ្គលេខាធិការរបស់ WHO ផ្ទាល់ គឺលោក Tedros Adhanom រួមជាមួយប្រធានាធិបតីបារាំង លោក Emmanuel Maron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ នាឱកាសនោះ លោក Tedros បានសង្កត់ធ្ងន់ដូច្នេះថា «ការប្តេជ្ញាចិត្តជារួមរបស់ពួកយើង គឺធានាឲ្យបានថាមនុស្សគ្រប់រូបនៅលើពិភពលោក នឹងទទួលបានមធ្យោបាយឆាប់រហ័ស តាមតែអាចធ្វើទៅបាន ដើម្បីយកឈ្នះលើ COVID-19»។
គួរជម្រាបថា មុនការប្រកាសចាប់ផ្តើមកិច្ចសហប្រតិបត្តិការអន្តរជាតិខាងលើ បើតាមអ្នកនាំពាក្យបេសកកម្មការទូតរបស់អាមេរិក ប្រចាំនៅទីក្រុងហ្សឺណែវ វានឹងមិនមានការចូលរួមពីសហរដ្ឋអាមេរិកឡើយ។ ទំនាក់ទំនងរវាង WHO និងអាមេរិកបានឈានដល់ ភាពតានតឹងខ្លាំង នៅពេលដែលលោក ដូណាល់ ត្រាំ បានប្រកាសផ្អាកការផ្តល់ហិរញ្ញវត្ថុឲ្យស្ថាប័នអន្តរជាតិនេះ ខណៈអាមេរិកជា អ្នកដែលផ្តល់វិភាគទានធំជាងគេបំផុត៕