(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា ជំងឺ COVID-19 បានបង្ហាញពីភាពចាំបាច់ក្នុងការកែតម្រូវអង្គការសុខភាពពិភពលោក WHO ឲ្យបានល្អប្រសើរឡើងវិញ ហើយបានព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងមិនមានថ្ងៃបង់វិភាគទានដូចដើមឡើងវិញទេ ដល់អង្គការអន្តរជាតិមួយនេះ ហើយលើសពីនោះទៀតសោត សហរដ្ឋអាមេរិកក៏អាចនឹងស្វែងរកអង្គការថ្មីមួយទៀតមកជំនួសក៏អាចថាបានដែរ។ នេះបើយោងតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី ២៤ ខែមេសា ឆ្នាំ២០២០។
តាមរយៈកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News នាសប្តាហ៍នេះ លោក Pompeo បានអះអាងថា វាចាំបាច់ត្រូវមាន ការកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធរបស់អង្គការសុខភាពពិភពលោក… ព្រោះអង្គការមួយនេះមានចំណុចខ្វះខាតច្រើន។ ទាក់ទិននឹងបញ្ហានេះ នៅពេលត្រូវបានគេសួរថាតើ លោកកំពុងជម្រុញឲ្យមានការផ្លាស់ប្តូរថ្នាក់នាំរបស់អង្គការនេះយ៉ាងណា? រដ្ឋមន្ត្រីរូបនេះបានឆ្លើយតបថា «គឺលើសពីនេះទៅទៀត អាមេរិកប្រហែលនឹងមិនអាចយកលុយបង់ពន្ធរបស់ពលរដ្ឋខ្លួនទៅបង់ វិភាគទានឲ្យអង្គការសុខភាពពិភពលោកឡើងវិញឡើយ»។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដែរថា លទ្ធភាពនៃការស្វែងរកអង្គការថ្មីមួយទៀតមកជំនួស អង្គការ WHO នេះ ក៏អាចកើតមានដែរ។
គួរជម្រាបថា ខណៈពេលដែលលោក Mike Pompeo បាននិយាយវាយប្រហារជាថ្មីទៅលើអង្គការអន្តរជាតិមួយនេះ ក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេ្យឯណោះវិញ បានចោទប្រកាន់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ថា កំពុងព្យាយាមទម្លាក់កំហុសលើ WHO ដើម្បីបង្វែរចំណាប់អារម្មណ៍ពីភាពបរាជ័យរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាជំងឺ COVID-19 នៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងលិខិតមួយ ដែលបានផ្ញើជូនលោក ដូណាល់ ត្រាំ ពួកអ្នកតំណាងទាំងនោះបានអំពាវនាវឲ្យមានការត្រឡប់ឡើងវិញ ការផ្តល់ហិរញ្ញវត្ថុឡលងវិញទៅឲ្យអង្គការសុខភាពពិភពលោក ដែលលោកត្រាំបានសម្រេចចេញបញ្ជាឲ្យផ្អាក កាលពីសប្តាហ៍កន្លងទៅ៕