(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រនេះ បានធ្វើការអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រឆាំងចំពោះសហគមន៍អន្តរជាតិតទៅទៀត និងងាកមកគាំទ្រអង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល COVID-19 ដើម្បីសង្គ្រោះអាយុជីវិតមនុស្ស។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គេង ហ្ស័ង (Geng Shuang) បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកជឿថា ក្នុងនាមខ្លួនជាម្ចាស់ជំនួយធំជាងគេសម្រាប់អង្គការសុខភាពពិភពលោក (WHO) នោះគឺឲ្យអង្គការមួយនេះធ្វើតាមអ្វីដែលខ្លួនបញ្ជាបាន...»។
ស្ថិតនៅក្នុងស្ថានភាពពិភពលោកបែបនេះ ប្រទេសចិនអំពាវនាវឲ្យសហរដ្ឋអាមេរិក ចូលរួមគាំទ្រចំពោះកិច្ចការងារទាំងឡាយរបស់ WHO នោះទើបអាចឲ្យយើងទាំងអស់ សង្គ្រោះជីវិតមនុស្សបន្ថែមទៀត និងបញ្ឈប់ការរាតត្បាតនៃជំងឺសកល COVID-19 ហើយនេះជាការឯកភាពរបស់ប្រទេសភាគច្រើនបំផុត និងជាជម្រើសតាមបែបធម្មជាតិ សម្រាប់មនុស្សដែលមានមនសិការនៅក្នុងខ្លួន៕