(ហ្សាការតា)៖ ឥណ្ឌូណេស៊ី នឹងបិទការធ្វើដំណើរតាមជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងការធ្វើដំណើរតាមផ្លូវសមុទ្រជាបណ្ដោះអាសន្ន ជាមួយ ករណីលើកលែងមួយចំនួន ដែលនឹងចាប់ផ្ដើមអនុវត្តនៅក្នុងសប្ដាហ៍នេះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមក្រសួងដឹកជញ្ជូន ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។
ការប្រកាសខាងលើរបស់ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រនេះ ធ្វើឡើងចំពេលដែលប្រជនជនឥណ្ឌូណេស៊ីមូស្លីម ភាគច្រើន ចាប់ផ្ដើមអនុវត្តកាតព្វកិច្ចតមអាហារនៃខែរ៉ម៉ាឌន ខណៈរដ្ឋាភិបាលទីក្រុងហ្សាការតា បានដាក់បម្រាមរួចហើយលើការធ្វើដំណើរទៅកាន់ស្រុកកំណើតវិញ កំឡុងខែដ៏ពិសិដ្ឋមួយនេះសម្រាប់អ្នកកាន់សាសនាឥស្លាម។ បើតាមសេចក្ដីថ្លែងការណ៍ដដែល ការហាមឃាត់ជាបណ្ដោះអាសន្នលើការធ្វើដំណើរតាមផ្លូវសមុទ្រនឹង ត្រូវចូលជាធរមានភ្លាមៗ ប៉ុន្តែបម្រាមលើការធ្វើដំណើរតាមជើងហោះហើរ នឹងត្រូវចូលជាធរមាននៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដូច្នេះជើងហើរដែលកក់រួចហើយអាច ដំណើរជាធម្មតា រហូតដល់បម្រាមជាធរមាន។
ការបិទធ្វើដំណើរតាមជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ រួមទាំងការធ្វើដំណើរតាមសមុទ្រជាបណ្ដោះអាសន្ននេះ នឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៣១ ខែឧសភា ។ ចំណែកឯ ការដឹកជញ្ជូនទំនិញ តាមយន្ដហោះត្រូវបានលើកលែង ខណៈជើងហោះហើរសម្រាប់ការធ្វើមាតុភូមនិវត្តន៍នៃពលរដ្ឋឥណ្ឌូណេស៊ី និងពលរដ្ឋបរទេស, ការធ្វើដំណើររបស់បុគ្គលិករដ្ឋ, បុគ្គលិកទូត និងអ្នកតំណាងអង្គការ ឬស្ថាប័នអន្តរជាតិនានា ក៏មិនត្រូវបានរាប់បញ្ចូលក្នុងបម្រាមថ្មីនេះដែរ។
គួរជម្រាបថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន ឥណ្ឌូណេស៊ី មានអ្នកឆ្លង COVID-19 ៧,៧៧៥នាក់ ក្នុងនោះស្លាប់៦៤៧នាក់ និងជាសះស្បើយ៩៦០នាក់៕