(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានសរសេរលិខិតមួយច្បាប់ផ្ញើជូនមហាសេដ្ឋី ២០រូប នៅក្នុងប្រទេស ដើម្បីស្នើឱ្យពួកគេជួយដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19។
នៅក្នុងលិខិតផ្ញើជូនមហាសេដ្ឋីថៃ លោក ប្រាយុទ្ធ មិនបានស្នើសុំកញ្ចប់ហិរញ្ញវត្ថុ ដើម្បីជួយដល់់រដ្ឋាភិបាលរបស់លោកនោះទេ។ ផ្ទុយទៅវិញ លោកបានស្នើឱ្យអ្នកមានកប់ក្ដោងទាំងនេះ ជួយបង្កើត ឬលើកឡើងនូវគំរោង ដែលអាចគាំទ្រការរស់នៅនៃប្រជាជនថៃ ហើយដឹកនាំ និងអនុវត្តគំរោងទាំងនេះដោយខ្លួនឯង ជាមួយធនធានក្រុមហ៊ុនរបស់ពួកគេ។
ទោះបីជាបែបនេះក្តី ផែនការលោក ប្រាយុទ្ធ ខាងលើនេះ ត្រូវបានមជ្ឈដ្ឋានខ្លះមើលឃើញថា ជាការពង្រឹងអំណាច តាមរយៈការបើកផ្លូវឱ្យក្រុមហ៊ុនសម្ព័ន្ធធំៗដែលស្និទ្ធនឹងខ្លួន ក្ដោបក្ដាប់សេដ្ឋកិច្ចជាតិ និងគ្រប់គ្រងក្រុមហ៊ុនតូចៗទាំងអស់នៅក្នុងប្រទេស ខណៈប្រជាជនថៃមួយចំនួន ក៏បានសម្ដែងការមិនពេញ ចំពោះសំណើររបស់លោក ប្រាយុទ្ធ ផងដែរ។
* ប្រតិកម្មនៅលើបណ្ដាញអ៉ិនធើណិត
ក្រោយលោក បា្រយុទ្ធ ចាន់អូចា បានស្នើសុំជំនួយពីក្រុមមហាសេដ្ឋីថៃ កាសែតថៃ ម៉ាធីឆុន (Matichon) បានដឹកនាំការស្ទង់មតិមួយ ជុំវិញប្រតិកម្មរបស់អ្នកអាន នៅលើបណ្ដាញ Facebook និង Twitter។ ការស្ទង់មតិបានបង្ហាញថា ច្រើនជាង ៨០ភាគរយ នៃអ្នកបញ្ចេញប្រតិកម្មតាម Facebook និងជិត ៣ ភាគ ៤ តាមរយៈ Twitter បានសម្ដែងការជំទាស់ ហើយក្នុងនោះភាគច្រើននៃអ្នកប្រើប្រាស់ Twitter បានផ្ដល់មូលហេតុពីរ ដែលធ្វើឱ្យពួកគេជំទាស់នឹងផែនការរបស់លោក នាយករដ្ឋមន្ត្រីថៃមានដូចជា៖
ហេតុផលទី១៖ ពួកគេយល់ថា ការស្នើសុំជំនួយពីមហាសេដ្ឋីថៃទាំង ២០រូប បានបង្ហាញពីអសមត្ថភាពរបស់រដ្ឋាភិបាល ដោយមានអ្នកខ្លះថែមទាំងបានចោទសួរថា ហេតុអ្វីបានជាលោក ប្រាយុទ្ធ និងគណៈរដ្ឋមន្ត្រីរបស់លោក មិនអាចដោះស្រាយបញ្ហាបង្កឡើងដោយ COVID-19 ដោយខ្លួនឯង ហើយបើសិនជាត្រូវការជំនួយពីខាងក្រៅ ដូចជាពីក្រុមមហាសេដ្ឋីដដែល លោក ប្រាយុទ្ធ និងគណៈរដ្ឋមន្ត្រី គួរតែចុះចេញពីតំណែង ដើម្បីទុកឱ្យអ្នកមានសមត្ថភាព ដឹកនាំប្រទេសជំនួសវិញ។
ហេតុផលទី២៖ ពួកគេសង្ស័យលើក្រុមហ៊ុនធំថា មិនអាចធ្វើសកម្មភាព ដើម្បីប្រយោជន៍សាធារណៈជាធំនោះទេ។ ពោលគឺផែនការរបស់ក្រុមអ្នកមាន ឆ្លើយតប ទៅនឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីថៃ នឹងបម្រើផលប្រយោជន៍ឱ្យតែក្រុមមហាសេដ្ឋីតែប៉ុណ្ណោះ។
* ការអូសទាញក្រុមហ៊ុនធំៗ គឺជាគោលនយោបាយនៃរដ្ឋាភិបាលថៃ
នៅក្នុងប្រទេសថៃ ការបើកដៃឱ្យក្រុមហ៊ុនធំៗស្និទ្ធនឹងខ្លួន គ្រប់គ្រងសេដ្ឋកិច្ច គឺជាគោលនយោបាយរបស់រដ្ឋាភិបាលថៃរួចស្រេចទៅហើយ។ កំឡុងឡើងកាន់ អំណាចក្រោយរដ្ឋប្រហារឆ្នាំ២០១៤ រដ្ឋាភិបាលយោធាថៃបានផ្ដល់អាជ្ញាប័ណ្ណរកស៊ី ដល់ក្រុមហ៊ុនសម្ព័ន្ធធំៗនៅក្នុងប្រទេស ដើម្បីបង្កើតនិងគ្រប់គ្រងសហគ្រាសតូចៗ ឱ្យស្ថិតនៅក្រោមដែនឥទ្ធិពលរបស់ខ្លួន។ និយាយឱ្យងាយស្ដាប់គឺលោក ប្រាយុទ្ធ ចង់យកវិបត្តិ COVID-19 បច្ចុប្បន្ន ជាឱកាសពង្រឹងឥទ្ធិពលដល់ក្រុមហ៊ុន សម្ព័ន្ធធំៗ ដែលស្និទ្ធនឹងរដ្ឋាភិបាលរបស់លោក ក្នុងគោលបំណងអាចបង្វិល និងគ្រប់គ្រងសេដ្ឋកិច្ចនៅក្នុងប្រទេស។
គួរបញ្ជាក់ថា បច្ចុប្បន្នស្ថានការណ៍ COVID-19 នៅប្រទេសថៃ ចាត់ទុកថាបានធូរស្រាលហើយ បន្ទាប់ពីករណីឆ្លងថ្មី និងស្លាប់ធ្លាក់ចុះជាបន្តបន្ទាប់ ហើយថៃក៏កំពុងរៀបចំគំរោង នៅក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញផងដែរ។ យោងតាមគេហទំព័រ worldometer គិតត្រឹមពេលនេះ ថៃមានអ្នកឆ្លងជំងឺ COVID-19 សរុប ២,៨៥៤ករណី ក្នុងនោះស្លាប់ ៥០នាក់ និងជាសះស្បើយឡើងវិញរហូតដល់ ២,៤៩០នាក់៕
ប្រភព៖ CNA (ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០)